ភ្នំពេញ: បើទោះបីរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា (CBC) បានបង្ហាញថា ការដាក់ពាក្យស្នើសុំកម្ចីទិញផ្ទះនៅត្រីមាសទី ២ ឆ្នាំ ២០១៩ នេះបានធ្លាក់ចុះជិត ៤០ ភាគរយក៏ដោយ ក៏វិស័យឯកជនបានឲ្យដឹងថា ការធ្លាក់ចុះនេះមិនឆ្លុះបញ្ចាំងពីភាពអវិជ្ជមាននៃវិស័យលំនៅឋាននោះទេ។
របាយការណ៍ CBC ចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា ការដាក់ពាក្យស្នើសុំកម្ចីទិញផ្ទះនៅត្រីមាសទី ២ ឆ្នាំនេះបានធ្លាក់ចុះ ៣៦ ភាគរយធៀបនឹងត្រីមាសទី ១ ។
ទោះបីយ៉ាងនេះក្តីលោក ហួត អ៊ាងតុង ប្រធាន និងនាយកគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករលីមីតធីត ដែលបោះលក់មូលបត្របំណុលក្នុងផ្សារហ៊ុនកម្ពុជាបានឲ្យដឹងថា កម្ចីទិញផ្ទះនៅក្រុមហ៊ុនរបស់លោកនៅតែមានការកើនឡើង។ លោកថ្លែងថា៖ «ខ្ញុំមិនទាន់មើលឃើញថា ការដាក់ពាក្យស្នើកម្ចីទិញផ្ទះមានការធ្លាក់ចុះនោះទេ តួលេខយើងនៅតែមានការកើនឡើងសម្រាប់កម្ចីទិញផ្ទះ»។
លោកបន្ថែមថាប្រជាពលរដ្ឋនៅតែមានតម្រូវការកម្ចីទិញផ្ទះ ហើយមិនទាន់មានសញ្ញាអវិជ្ជមានណាមួយបង្ហាញថា វិស័យអចលនទ្រព្យមានហានិភ័យនោះទេ។ លោកបានបន្តថា៖ «ខ្ញុំគិតថា វិស័យនេះនៅតែមានកំណើនល្អគួរសមព្រោះពលរដ្ឋនៅមានចំណូលល្អ ការរកស៊ីទទួលទានល្អ ជារួមសេដ្ឋកិច្ចយើងនៅតែរក្សាស្ថិរភាពបានល្អ»។
លោក ទូច ចៅចេក នាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជាបានឲ្យដឹងថា ការដាក់ពាក្យកម្ចីទិញផ្ទះក៏មានការកើនឡើងប្រមាណ ២៩ ភាគរយនៅត្រីមាសទី ២ នេះដោយកើនពី ៨០១ នាក់ ដល់ ១ ០៣៦ នាក់ បើធៀបនឹងត្រីមាសមុន។ ចំណែកបរិមាណកម្ចីកើនឡើងពី ៣០ លានដុល្លារដល់ ៣៩ លានដុល្លារ។
លោកបន្តថា៖ «ខ្ញុំយល់ថា វាមិនប៉ះពាល់ដល់វិស័យអចលនទ្រព្យទេ ព្រោះកម្ចីទិញផ្ទះនៅធនាគារយើងមានការកើនឡើងជាធម្មតា»។
ទោះបីយ៉ាងនេះក្តី លោកមិនជំទាស់នឹងរបាយការណ៍របស់ CBC ខណៈយល់ឃើញថា ការរកឃើញនេះអាចបណ្តាលមកពីនិន្នាការតាមរដូវកាលប៉ុណ្ណោះ។ លោកថ្លែងថា៖ «ថ្ងៃឈប់សម្រាកច្រើន ដូច្នេះអ្នកចង់ដាក់ពាក្យស្នើសុំកម្ចីអាចមិនមានច្រើន»។
របាយការណ៍ CBC បានបង្ហាញថា ទំហំកម្ចីសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនសរុបនៅកម្ពុជាបានបន្តកើនឡើងដល់ ៧,១៦ ពាន់លានដុល្លារនៅចុងខែមិថុនាឆ្នាំនេះ។ របាយការណ៍មិនបានបង្ហាញទំហំកម្ចីទិញផ្ទះទេ ប៉ុន្តែគិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០១៩ កម្ចីទិញផ្ទះមានជាង ៣ ពាន់លានដុល្លារ ខណៈគិតត្រឹមឆមាសទី ១ ឆ្នាំ ២០១៨ កម្ចីទិញផ្ទះមានជាង ២,៥០ ពាន់លានដុល្លារ។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បានឲ្យដឹងថា ជុំវិញការដាក់ពាក្យស្នើសុំកម្ចីទិញផ្ទះបានធ្លាក់ចុះនេះអាចឆ្លុះបញ្ចាំងពីភាពប្រកួតប្រជែងខ្លាំងនៅក្នុងវិស័យធនាគារ ខណៈបញ្ហាលំនៅឋានមានតម្លៃខ្ពស់ក៏អាចនាំឲ្យការដាក់ពាក្យស្នើសុំធ្លាក់ចុះផងដែរ។ លោកថ្លែងថា៖ «ខ្ញុំមើលឃើញ ការផ្គត់ផ្គង់លំនៅឋាននៅតែមានកំណើនជាធម្មតា ប៉ុន្តែតម្លៃផ្ទះឡើងខ្ពស់ជារៀងរាល់ឆ្នាំគឺជាបញ្ហានាំឲ្យអ្នកចង់ខ្ចីប្រាក់ពីធនាគារគ្មានលទ្ធភាព ខណៈចំណូលពួកគេនៅដដែល»។
លោក ច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានឲ្យដឹងថា ការលក់ផ្ទះល្វែងនៅក្នុងបុរីមានការកើនឡើង ប៉ុន្តែភាគច្រើនទិញសម្រាប់វិនិយោគ។ លោកថ្លែងថា៖ «អ្នកទិញផ្ទះសម្រាប់វិនិយោគច្រើនជាងអ្នកទិញផ្ទះសម្រាប់រស់នៅ។ មូលហេតុស្ថានភាពស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងកំណើនផ្ទះធៀបនឹងចំនួនមនុស្សនៅតិចនៅឡើយ ដូច្នេះលំនៅឋាននៅមានតម្រូវការខ្ពស់»៕LA
ប្រភព៖ភ្នំពេញប៉ុស្តិ៍