ភ្នំពេញ ៖ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា (EU) បានថ្លែងថា ចាប់ពីឆ្នាំ២០១៤-២០១៨ សហភាពអឺរ៉ុប បានឧបត្ថម្ភថវិកា ជំនួយឥតសំណង២០លានអឺរ៉ុប លើកម្មវិធី “ជំរុញកំណើនវិស័យ កសិកម្មប្រកបដោយចរីភាព និងបរិយាប័ន្ន នៃអនុវិស័យជលផល និងផលិតកម្មបសុសត្វ” គ្រប់គ្រងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ។
គម្រោងនេះមាន៣ផ្នែក ដែលស្ថិតនៅក្រោមការអនុវត្ត ដោយផ្ទាល់របស់ នាយកដ្ឋានផែនការ និងស្ថិតិ រដ្ឋបាលជលផល អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម។
ក្នុងពិធីបិទ “កម្មវិធីជំរុញកំណើន វិស័យកសិកម្មប្រកបដោយចរីភាព និងបរិយាប័ន្ន នៃអនុវិស័យជលផល និងផលិតកម្មសត្វ” និងកម្មវិធីប្រកាសដាក់ឲ្យអនុវត្ត កម្មវិធីអភិវឌ្ឍន៍វិស័យជលផល ក្រោមជំនួយ ហិរញ្ញប្បទានឥតសំណង ពីសហភាពអឺរ៉ុប នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោក George Edgar មានប្រសាសន៍ “យើងប្ដេជ្ញាចិត្ត ក្នុងការគាំទ្រដល់វិស័យកសិកម្ម នេសាទ និងប្រតិកម្មសត្វផងដែរ។ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ យើងមានកម្មវិធីរយៈពេល៥ឆ្នាំ ជាមួយនឹងទឹកប្រាក់២០លានអឺរ៉ូ សម្រាប់កម្មវិធីជំរុញកំណើនវិស័យ កសិកម្មប្រកបដោយចីរភាព”។
ឆ្លៀតឱកាសនោះ ទូត EU ប្រចាំកម្ពុជា បានលើកឡើងថា សហភាពអឺរ៉ុប បានប្រកាសជួយកម្ពុជា នូវទឹកប្រាក់ជាង១០០លានដុល្លារ សម្រាប់វិស័យជលផលនៅកម្ពុជា។
លោករីករាយយ៉ាងខ្លាំង ដែលឃើញជំនួយ របស់សហភាពអឺរ៉ុប បានចូលរួមចំណែក ដល់វឌ្ឍនភាពនៃវិស័យជលផល និងផលិតកម្មបសុសត្វនៅកម្ពុជា ។ សហភាពអឺរ៉ុបជឿជាក់ថា ជំនួយថវិកាបន្ថែម លើវិស័យជលផលនេះ នឹងជួយក្រសួងកសិកម្ម ដៃគូអភិឌ្ឍន៍ និងភាគីពាក់ព័ន្ធ អាចគ្រប់គ្រង ធនធានជលផលទឹកសាប និងសមុទ្ររបស់កម្ពុជា កាន់តែមានប្រសិទ្ធផល ដែលជាប្រយោជន៍ ដល់ប្រជាជនកម្ពុជាទាំងមូល និងអ្នកជំនាន់ក្រោយ ។
ចំណែក លោក វេង សាខុន បានថ្លែងថា ការខិតខំប្រឹងប្រែង របស់សហភាពអឺរ៉ុប ក្នុងការផ្តល់ថវិកា ជំនួយឥតសំណងដល់វិស័យជលផល និងផលិតកម្មបសុសត្វ នៅក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងមកនេះ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ដល់ប្រជាជនកម្ពុជា៕
ប្រភព៖ www.dap-news.com