ភ្នំពេញ: ក្រសួងពាណិជ្ជកម្មថៃគម្រោងនឹងផ្តួចផ្តើមបើកផ្លូវពាណិជ្ជកម្មក្នុងខេត្តចំនួន ៤ ជាប់ព្រំដែនកម្ពុជា។ នេះបើយោងតាមអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសថៃ។
លោក Weerasak Wangsuphakijkosol អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសថៃបានប្រាប់កាសែត The Nation ថាគម្រោងនេះមានគោលបំណងធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីបើកច្រកពាណិជ្ជកម្មនៅខេត្តតាមព្រំដែន។
ការលើកឡើងបែបនេះធ្វើបន្ទាប់ពីដឹកនាំកិច្ចប្រជុំជាមួយភ្នាក់ងារក្រសួងចំនួន ៣ គឺនាយកដ្ឋានចរចាពាណិជ្ជកម្ម នាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្ម និងនាយកដ្ឋានកម្មសិទ្ធិបញ្ញាព្រមទាំងសហគ្រិនក្នុងស្រុកមកពីខេត្ត Nakhon Ratchasima។ លោកបានថ្លែងថា៖ «ខេត្តទាំងនេះគឺខេត្ត Nakhon Ratchasima, Chaiyaphum, Buri Ram and Surin»។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រសិនបើមានច្រកផ្លូវពាណិជ្ជកម្មនឹងជួយទប់ស្កាត់ ការគេចពន្ធតាមច្រករបៀង និងជួយកាត់បន្ថយការចំណាយក្នុងការដឹកទំនិញនាំចូលទៅប្រទេសថៃ។ លោកថ្លែងថា៖ «កាលណាយើងមានច្រកជាផ្លូវការ ច្រកអន្តរជាតិ ការនាំចេញចូលទំនិញគោរពតាមច្បាប់ ទំនិញអត់អាចទៅតាមច្រករបៀងដែលអាចគេចពន្ធបានទេ។ ម្យ៉ាងទៀតអ្នកដឹកទំនិញមិនបាច់វាងផ្លូវទៅឆ្ងាយ»។
លោកបន្ថែមថាច្រកពាណិជ្ជកម្មនេះក៏អាចជួយសម្រួលដល់ការដឹកកសិផលនាំចេញ ចូលប្រទេសទាំង ២ ផងដែរ។ លោកបន្តថា៖ «កសិកផលយើងនៅឯជាយដែន បើមានច្រកច្រើននឹងអាចជួយសម្រួលដល់ការដឹកជញ្ជូន ហើយទំនិញយើងភាគច្រើននាំចេញទៅចិនក៏កាត់ប្រទេសថៃផងដែរ»។
លោក Weerasak បានប្រាប់ទៅនាយកដ្ឋានចរចាពាណិជ្ជកម្មឲ្យសហការជាមួយគណៈកម្មាធិការពាណិជ្ជកម្មចម្រុះថៃ និងកម្ពុជាដើម្បីរៀបចំគោលនយោបាយដែលជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ និងបន្ធូរបន្ថយការរឹតត្បិតនៃពាណិជ្ជកម្ម។
លោកថ្លែងថា៖ «យើងមានគម្រោងធ្វើឲ្យប្រសើរឡើងនូវតំបន់ដែលត្រូវបានអនុញ្ញាតជាបណ្តោះអាសន្ននៅតាមព្រំដែន Buri Ram ទៅជាច្រកពាណិជ្ជកម្មអចិន្រៃ្តយ៍ដែលមិនត្រឹមតែពង្រីកឱកាសនៅតាមព្រំដែនប៉ុណ្ណោះទេ ហើយថែមទាំងទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាខេត្តនៅក្បែរនោះទៀតផង»។
លោកអនុរដ្ឋមន្ត្រីរូបនេះបន្តថាគម្រោងនេះនឹងជួយពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់ថៃសំខាន់ៗដូចជាស្រូវ ស្វាយ ម្នាស់ ពោត និងក្រូច ក៏ដូចជាសិប្បកម្មធ្វើពីសូត្រជាដើម។
លោកបន្តថា៖ «ខ្ញុំជឿជាក់ថា គម្រោងនេះនឹងនាំផលិតផលរបស់យើងទៅជាតំបន់ពាណិជ្ជកម្មសេរីមួយនៅលើពិភពលោក ដោយសារតម្លៃពាណិជ្ជកម្មរវាងថៃ និងកម្ពុជាត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ ១៥ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២០»៕
ប្រភព៖ភ្នំពេញប៉ុស្តិ៍