ភ្នំពេញ៖ ជនបរទេសប្រព្រឹត្តបទល្មើសមានចំនួន ៨៤ករណី ឃាត់ខ្លួនសរុប ៤៥០នាក់ មាន ១៧សញ្ជាតិ លើ ១៧រាជធានី-ខេត្តទូទាំងប្រទេស លើបទល្មើស ១១ប្រភេទ បើប្រៀបធៀបជាមួយត្រីមាសទី២ ឆ្នាំ២០១៨ មាន៨៨ករណី គឺថយចុះ ៤,៥៤ភាគរយ។ សញ្ជាតិប្រព្រឹត្តបទល្មើសច្រើនជាងគេគឺ ចិន វៀតណាម ឥណ្ឌា កូរ៉េខាងត្បូង អ៊ុយក្រែន ហើយភូមិសាស្ត្រដែលកើតមានច្រើនជាងគេគឺ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ស្វាយរៀង។ យោងតាមរបាយការណ៍របស់ លោក ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុម Hotline ជាមួយជនបរទេសប្រចាំកម្ពុជា។ បើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិថ្ងៃទី១៥ ខែសីហា នេះ។
របាយការណ៍របស់ លោក ថោង លឹម បានឱ្យដឹងបន្តថា គិតចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បើប្រៀបធៀបជាមួយត្រីមាសទី២ ឆ្នាំ២០១៨ មាន ១៧៨ករណី គឺថយចុះ ៩,៥ភាគរយ ដែលក្នុងនោះសញ្ជាតិរងគ្រោះច្រើនជាងគេគឺ ចិន វៀតណាម បារាំង អង់គ្លេស អាមេរិក ហើយភូមិសាស្ត្រដែលកើតមានច្រើនជាងគេ គឺនៅខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តព្រះសីហន។
គិតត្រឹមត្រីមាសទី២ ឆ្នាំ២០១៩នេះ ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំ នៅកម្ពុជា កត់សម្គាល់ឃើញថា វិនិយោគិនបរទេស និងអ្នកទេសចរណ៍បរទេសដែលមកប្រទេសកម្ពុជា ទទួលរងគ្រោះមានចំនួន ១៦១ករណី សរុប ១៨១នាក់ មាន ៣០សញ្ជាតិ លើ ១៨រាជធានី-ខេត្ត។ បើតាយរបាយការណ៍ដដែល របស់ប្រធានក្រុម Hotline ជាមួយជនបរទេសប្រចាំកម្ពុជា។
គូសបញ្ជាក់ថា របាយការណេ៍ ដែលលោក ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុម Hotline ជាមួយជនបរទេសប្រចាំកម្ពុជា បានលើកឡើង គឺនៅក្នុងកិច្ចប្រជុំជាមួយតំណាងស្ថានទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំក្រសួងមហាផ្ទៃ៕
ដោយ៖ឌីណា