ភ្នំពេញ៖ រយៈពេល ៦ខែ ឆ្នាំ២០១៩ កំណើតទេចរជប៉ុន នៅកម្ពុជា កើន ៣ភាគរយ ដែលមានចំនួនជាង ១០ម៉ឺននាក់។ ប៉ុន្តែ រយៈពេលពេញ ១ឆ្នាំ កាលពីឆ្នាំ២០១៨ ទេសចរជប៉ុន មានជាង ២១ម៉ឺននាក់ ក្នុងកំណើន ៣.៥ភាគរយ។ ជាមួយគ្នានេះដែរ ទេសចរខ្មែរ ទៅទស្សនាជប៉ុន ឆ្នាំ២០១៨ ប្រមាណ ២.២០០០នាក់។ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ថ្ងៃទី១៣ ខែសីហា នេះ។
បច្ចប្បន្ននៅភ្នំពេញ មានសណ្ឋាគារដែលវិនិយោគដោយជនជាតិជប៉ុនចំនួន ៩ សរុបជិត ១.០០០បន្ទប់ ហើយក៏មានភោជនីយដ្ឋានចំនួន ៥៦ ដែលមានជាង ៣.៣០០កៅអី។ ជាការឱ្យដឹងពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ក្នុងជំនួបជាមួយ លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុននៅកម្ពុជាចប់អាណត្តិ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើដល់ភាគីជប៉ុនជួយអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាបន្ថែម «ពិសេសគឺតាមរយៈការវិនិយោគលើការបង្កើតផលិត ផលទេសចរណ៍ថ្មីៗ» លើការបង្កើតតំបន់ទេសចរណ៍សម្រាប់ទេសចរចូលនិវត្ត ក៏ដូចជាការជួយកសាងផ្លូវចូលទៅកាន់សហគមន៍ទេសចរណ៍សំខាន់ៗផងដែរ។
នាឱកាសដដែលនេះ លោក ថោង ខុន បានរម្លឹកពីការជួយជ្រោមជ្រែងពីសំណាក់មិត្តជប៉ុន ក្នុងកិច្ចការអភិរក្សតំបន់បេតិកភណ្ឌអង្គរ ក្នុងនាមជាសហប្រធានគណៈកម្មាធិការអន្តរជាតិ ICC-Angkor ជាមួយបារាំង និងបច្ចប្បន្ននៅតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំផង។ លោក បន្តថា ក្រសួងទេសចរណ៍បាននិងកំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរអប្សរា អាជ្ញាធរសំបូរព្រៃគុក ក្រសួងវប្បធម៌ និងICC អង្គរ ដើម្បីនិរន្តរភាពនៃការអភិវឌ្ឍន័តំបន់បិតិកភណ្ឌទាំងពីរនេះ។
ក្នុងជំនួបជម្រាបលាជាចុងក្រោយ កាលពីសៀលថ្ងៃទី១២ ខែសីហា នេះ ជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្រោយពេលបំពេញបេសកកម្មនៅកម្ពុជាប្រមាណ ៣ឆ្នាំកន្លងមក ឯកអគ្គរាជទូតជប៉ុននៅកម្ពុជាចប់អាណត្តិ លោក Hidehisa HORINOUCHI បានទទួលយកសំណើរ របស់រដ្ឋមន្រ្តីកម្ពុជា ទៅប្រាប់រដ្ឋាភិបាលជប៉ុនឱ្យដឹងនៅពេលត្រឡប់ទៅប្រទេសលោកវិញ។ លោក បន្តថា រដ្ឋាភិបាលជប៉ុននៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ក្នុងភាពជាមិត្តជិតស្និទ្ធដ៏យូរអង្វែង។
ចុងបញ្ចប់នៃជំនួបខាងលើ លោក ថោង ខុន បានលើកឡើងពីការរីកចម្រើនមួយចំនួនលើវិស័យទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏ដូចជា ជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនផងដែរ ក្នុងនោះ នៅក្នុងឆ្នាំ២០១៨ ក្នុងចំណោម ៦គម្រោងវិនិយោគរបស់ជប៉ុន គឺមាន ២គម្រោង ដែលវិនិយោគលើវិស័យទេសចរណ៍ មានទុនវិនិយោគដល់ជាង ៨០០លានដុល្លារអាមេរិក៕
ដោយ៖ឌីណា