គួរឲ្យអបអរ ស្ពានមិត្តភាព កម្ពុជា- ថៃ ( ស្ទឹងបត- បានណងអៀង )តម្លៃប្រមាណជាង ១៩លានដុល្លារអាមេរិក និងអគារច្រកទ្វារព្រំដែន អន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បើកការដ្ឋានសាងសង់នៅថ្ងៃនេះហើយ ។
ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) មានទីតាំងឋិតនៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា មានប្រវែងសរុប៦២០ម៉ែត្រ និងទទឹង១៧ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) នៅផ្ទៃខាងលើស្ពាន ដោយក្នុងនោះរួមមាន៖ តួស្ពានប្រវែង១៣០ម៉ែត្រ នៅក្នុងទឹកដីកម្ពុជាប្រវែង៦៥ម៉ែត្រ នៅក្នុងទឹកដីថៃ ប្រវែង៦៥ម៉ែត្រ។ ផ្លូវភ្ជាប់ក្បាលស្ពាន មានប្រវែង ៤៩០ម៉ែត្រ (១៥០ម៉ែត្រ ក្នុងទឹកដីកម្ពុជា ៣៤០ម៉ែត្រក្នុងទឹកដីថៃ)។
គម្រោងសាងសង់ស្ពាននេះ បានប្រើប្រាស់ថវិកាសាងសង់ ៦៧០ លានបាត (ប្រមាណ១៩លានដុល្លារ អាមេរិក) រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ។
គម្រោងនេះបានចាប់ផ្តើមដំណើរការសាងសង់ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ និងបានបញ្ចប់ទាំង ស្រុងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ អនុវត្តការសាងសង់ដោយកងវិស្វកម្មនៃកងទ័ពភូមិន្ទនៃ ព្រះរាជាណាចក្រថៃ និងត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានហាយវ៉េ (DOH) ក្រសួងដឹកជញ្ជូនថៃ។
ទន្ទឹមនឹងការសាងសង់ស្ពានតភ្ជាប់ប៉ុស្តិ៍ព្រំដែន នៃប្រទេសទាំងពីរ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនក៏ ត្រូវបានបើការដ្ឋានសាងសង់ផងដែរ ដែលក្នុងនោះរួមមាន៖ អគារច្រកត្រួតពិនិត្យព្រំដែន និងផ្លូវសំណង់ អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ”ឃ្លាំង និងទីលានកុងទីន័រ” ការជួសជុលកែលម្អ ផ្លូវចាស់ សំណង់កាត់បន្ថយគ្រោះទឹកជំនន់ និងផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ ក្រោមហិរញ្ញប្បទាន សម្បទានពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ។
ហេដ្ឋារចនាសម្ព័ន្ធ ទាំងនេះត្រូវបានសាងសង់ដោយ ក្រុមហ៊ុន Fin Technic Co., Ltd និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រុមហ៊ុន Team Consulting Engineering and Management (TEAM) ដែលគ្រោងចំណាយ ថវិកាប្រមាណ ៨៣៥ លានបាត (ប្រមាណជាង២៦លានដុល្លាអាមេរិក)។
ច្រកព្រំដែនថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយសម្រួលចរាចរណ៍ របស់ រថយន្តដឹកទំនិញឆ្លង កាត់រវាងកម្ពុជា និងថៃ និងជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយ ប៉ែតនាពេលបច្ចុប្បន្ន។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែន អន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិ លេខ៥ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រែក្លាយតំបន់តាមព្រំដែន ពិសេសអតីតតំបន់ប្រយុទ្ធគ្នាឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍ ជាព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ពិសេសការសាងសង់បណ្តាញផ្លូវតភ្ជាប់ដើម្បីបង្កើនទំហំ ពាណិជ្ជកម្មរវាងប្រទេសជិតខាង បង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋផងដែរ៕
ប្រភព : Bee