ត្រឹមរយៈ៤ឆ្នាំប៉ុណ្ណោះ ដែលក្រុមហ៊ុនខ្នាតយក្សរបស់ចិន ព្រីនស៍ រៀលអ៊ីស្ទេត បានពង្រីកក្រុមហ៊ុន បុត្រសម្ពន្ធ័របស់ខ្លួនរហូត ៣០ក្រុមហ៊ុននៅកម្ពុជានិងបានពង្រីកទំហំវិនិយោគកើនដល់៤ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៩នេះ។នេះបើយោងតាមការចុះផ្សាររបស់ ភ្នាក់ងារសារពត៌មានជាតិ។
លោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត គ្រុប ថ្លែងនៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីពេលថ្មីៗនេះថា ជាការពិតណាស់ វត្តមាន របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត នៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលនេះ គឺកើតចេញពីគោលនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយ របស់ចិន ដែលបានបើកឱកាស និងលើកទឹក ចិត្តឱ្យមានការវិនិយោគជាច្រើនពីវិនិយោគិនចិន មកកាន់ប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា ការរសម្រេចបោះទុនវិនិយោគលើគម្រោងអចលនទ្រព្យក្នុងប្រទេសកម្ពុជានេះគឺដោយសារក្រុមហ៊ុនបានមើលឃើញពីការរីកចម្រើនយ៉ាងលឿន នៃកំណើតសេដ្ឋកិច្ចរបស់កម្ពុជា ធៀបនឹងប្រទេសក្នុងតំបន់ ដោយក្នុងនោះ វិស័យសំណង់ បាននឹងកំពុងដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ហើយវិស័យនេះ ក៏កំពុងទាមទារឱ្យមានការបំពេញបន្ថែម ឱ្យបានច្រើនផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ។
លោកបន្តថា រយៈពេលជាង៤ឆ្នាំរបស់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនៅ ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន បានបោះទុនវិនិយោគសរុបប្រមាណជាង ៤ពាន់លានដុល្លារអាម៉េរិកទៅលើគម្រោងអគារខុនដូធំៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយ ក្នុងនោះ គម្រោងធំៗចំនួនបី បាននឹងកំពុងលេចជារូបរាងបណ្ដើរៗហើយក្នុង រាជធានីភ្នំពេញ និងបីគម្រោងធំៗទៀត ក៏បាននឹងកំពុងវិនិយោគនៅខេត្តព្រះសីហនុផង ដែរ។
ជាចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងរយៈពេល១០ឆ្នាំបន្ទាប់ ក្រុមហ៊ុន នឹងបង្កើនទុនវិនិយោគ ឱ្យបាន២០ពាន់លានដុល្លារបន្ថែមទៀតក្នុងឧស្សាហកម្មសំណង់ នៅកម្ពុជា ខណៈបច្ចុប្បន្ន ក្រុមហ៊ុន បានប្រមូលទិញដីទុក សម្រាប់ធ្វើការវិនិយោគទាំងនៅ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប ជាច្រើនទីតាំងផងដែរ។
គួរបញ្ជាក់ថា ជាលទ្ធផលគោលនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយនេះ បាននាំឱ្យ មានគម្រោងផ្លូវល្បឿនលឿនចម្ងាយប្រមាណ១៩០គីឡូម៉ែត្រ ដែលតភ្ជាប់ពីខេត្តព្រះសីហនុ មកកាន់ក្រុងភ្នំពេញ ខណៈការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅ ក្នុងខេត្ត ព្រះសីហនុ កាន់តែមានកំណើនច្រើនឡើងៗ៕
ប្រភព : Bee