ខេត្តកំពង់ស្ពឺ ដែលស្ថិតនៅមិនឆ្ងាយពីប៉ុន្មានពីរាជធានីភ្នំពេញ នៅតែបន្តទាក់ទាញគម្រោងវិនិយោគលើការសាងសង់រោងចក្រឧស្សាហកម្មជាហូរហែ។
ជាក់ស្តែង គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន SUPERIOR INFLATABLES (CAMBODIA) CO.,LTD. លើគម្រោងបង្កើតរោងចក្រផលិតសម្ភារៈសម្រាប់ក្មេងលេងគ្រប់ប្រភេទ។
គម្រោងនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៤១កន្លែង។
គួរឲ្យដឹងផងដែរថា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនវិនិយោគរោងចក្រឧស្សាហកម្មមួយចំនួនទៀត បានទទួលវិញ្ញាបនប័ត្រដើម្បីបើកដំណើរការ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានដូចជា៖
• គម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្ម និងជីកសិកម្មរបស់ក្រុមហ៊ុន BAMIN AGRICULTURE HI-TECH DEVELOPMENT CO., LTD ស្ថិតក្នុងស្រុកគងពិសី
• គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើងរបស់ក្រុមហ៊ុន WINCROWN (CAMBODIA) INDUSTRIAL CO., LTD ស្ថិតក្នុងស្រុកសំរោងទង
• និងគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ស្ថិតក្នុងស្រុកសំរោងទង របស់ក្រុមហ៊ុន NANWANG TRAVEL GOODS CO., LTD
ចំនួននៃគម្រោងវិនិយោគ កើតមានជាបន្តបន្ទាប់នេះ បានជំរុញ និងលើកមុខមាត់ខេត្តកំពង់ស្ពឺឱ្យកាន់តែមានសក្តានុពល ប្រែក្លាយជាតំបន់ប្រមូលផ្តុំដោយរោងចក្រឧស្សាហកម្ម ស្របពេលដែលអ្នកជំនាញអចលនទ្រព្យលើកឡើងថាចរន្តទិញលក់ដីធ្លី ក៏មានការកើនឡើងផងដែរ។
យោងតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥ - ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ខេត្តកំពុងស្ពឺ កំពុងក្លាយជាទីតាំងសម្រាប់សហគ្រាសធុនធំ ដែលមានសហគ្រាសកម្មន្តសាលធុនធំប្រមាណ ១២ភាគរយ៕
ប្រភព : Bee