ឆាប់ៗខាងមុខ នេះ ផ្លូវជាតិលេខ១ នឹងមានផ្លូវក្រោមដី សម្រាប់ប្រើប្រាស់ ខណៈបច្ចុប្បន្ននេះ សាលាក្រុងភ្នំពេញ បានឲ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន បុរី ប៉េង ហ៊ួត ចាប់ផ្តើមសិក្សាលទ្ធភាពសាងសង់ផ្លូវក្រោមដីដែលមានទីតាំងស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
កាលពីពេលថ្មីៗនេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំបច្ចេកទេសលើសំណើសុំគោលការណ៍ស្ថាបនាផ្លូវក្រោមដីដោយតភ្ជាប់ពីទីតាំងផ្លូវចូលផ្សារទំនើប ភីអេច អេកូ ម៉ល ភ្ជាប់ទៅផ្លូវជាតិលេខ១ ផ្នែកក្រោមដី ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងតំបន់នោះ។
ទោះជាយ៉ាងណា កាលបរិច្ឆេទនៃចាប់ផ្តើមសិក្សាពីលទ្ធភាពនៃការសាងសង់ផ្លូវក្រោមដីនេះ នៅមិនទាន់ច្បាស់ថា នឹងសាងសង់នៅពេលណានោះដែរ។
យ៉ាងណាមិញ ផ្លូវជាតិលេខ១ហាក់កំពុងទាក់ទាញ អ្នកវិនិយោគគិនជាច្រើនឲ្យទៅវិនិយោគនៅតំបន់នោះ បន្ទាប់ពីផ្លូវជាតិលេខ១បានបញ្ចប់ការស្ថាបនា ហើយក៏ជាតំបន់ស្ថិតនៅក្នុងបណ្តាញផ្លូវនៃគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន។ ។
តំបន់ផ្លូវជាតិលេខ១ កំពុងទាក់ទាញភ្នែកអ្នកវិនិយោគិនក្នុងស្រុក និងក្រៅស្រុកមកវិនិយោគលើវិស័យអចលនទ្រព្យសំខាន់ៗ មានផ្សារទំនើប លំនៅឋាន កន្លែងកម្សាន្តបែបធម្មជាតិ និងជាស្នាក់នៅដ៏មានសក្តានុពលផងដែរ ដោយសារតែកត្តាធម្មជាតិ មានព្រៃឈើ ជាប់បណ្តោយទន្លេ និងអាកាសធាតុល្អប្រសើរ។
មានកត្តាសំខាន់ៗជាច្រើនបាន និងកំពុងធ្វើឱ្យតំបន់ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ រាប់ចាប់ពីតំបន់ច្បារអំពៅ រហូតដល់ស្រុកលើកដែក នៃទឹកដីខេត្តកណ្តាល នឹងមានការផ្លាស់ប្ដូរនិងរីកចម្រើនយ៉ាងខ្លាំង ។
ប្រភព : Bee