ក្រសួងទេសចរណ៍ មានគម្រោងជំរុញការរៀបចំតំបន់ភ្នំគូលែនទៅជា «តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ» រួមទាំង «ទេសចរណ៍ផ្សងបែបផ្សងព្រេង» ដ៏ទាក់ទាញថ្មីមួយទៀតនៅខេត្តសៀមរាប-អង្គរ ដើម្បីបំពេញតម្រូវការជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងដើម្បីចូលរួមអនុវត្តនូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលតែងតែជំរុញឱ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែម។
តំបន់ភ្នំគូលែននៃខេត្តសៀមរាប មានសក្ដានុពលផ្នែកវប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិរួចទៅហើយ ហើយក៏មានភ្ញៀវទេសចរទៅទស្សនាកម្សាន្តជាច្រើនផងដែរ ប៉ុន្តែមិនទាន់មានការរៀបចំទៅតាមស្ដង់ដាជាតិ និងអន្តរជាតិនៅឡើយ។
នៅទីនោះសម្បូរទៅដោយព្រៃភ្នំក្រំថ្មបែបធម្មជាតិ មានប្រាង្គប្រាសាទ ចម្លាក់សិលា និងបុរាណដ្ឋានដ៏ច្រើន មានស្ទឹងប្រវត្តិសាស្ត្រ មានពយភ្នំដែលកើតឡើងពីធម្មជាតិ ទេសភាពនៅលើគិរីបុព្វតាក៏រឹតតែស្រស់ត្រកាល ថែមទាំងនៅមិនឆ្ងាយពីតំបន់អង្គរ និងទីប្រជុំជនសៀមរាបប៉ុន្មានឡើយ។
ហេតុនេះហើយបានជារាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ មានបំណងចង់ប្រែក្លាយតំបន់ប្រវត្តិសាស្ត្រមួយនេះ ទៅជាផលិតផលទេសចរណ៍ថ្មីមួយទៀត ពិសេសគឺចង់រៀបចំបន្ថែមឱ្យមានប្រភេទទេសចរណ៍ផ្សេងទៀតដូចជាដំណើរទេសចរណ៍បែបផ្សងព្រេង ដូចនៅតំបន់ភ្នំឱរ៉ាល់ សហគមន៍ទេសចរណ៍អារ៉ែង ភ្នំបូកគោជាដើម។
គណៈកម្មការអន្តរក្រសួងនេះ ក៏បានឯកភាពគ្នារៀបចំផែនការមេអភិវឌ្ឍន៍នៅគោលដៅទេសចរដ៏ធំៗចម្បង សម្រាប់ឆ្នាំ២០២០-២០៤០ ផងដែរ ក្នុងនោះមានគម្រោងអភិវឌ្ឍន៍រយៈពេលខ្លី៥ឆ្នាំ (២០១៨-២០២៣), ផែនការជំរុញការរៀបចំកសាងហេដ្ឋរចនាសម្ព័ន្ធរឹងនៅទីក្រុងសៀមរាប ដែលមានជាអាទិ៍៖ ការជួសជុលផ្លូវក្នុងខេត្ត ផ្លូវក្រវាត់ជុំវិញក្រុង ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ សណ្តាប់ធ្នាប់អនាម័យក្នុងទីក្រុង។
ម្យ៉ាងទៀត ការត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរអន្តរជាតិដើម្បីធានាផលប្រយោជន៍អតិបរមាពិសេស ការត្រៀមលក្ខណះទទួលទេសចរចិនដែលនឹងមានកំណើន យ៉ាងច្រើនជារៀងរាល់ឆ្នាំ ដោយត្រូវអនុវត្តន៍អោយបានល្អ តាមសៀវភៅស្តីពី «China Ready» និងយុទ្ធសាស្រ្តទីផ្សារដោយឡែកសម្រាប់ភ្ញៀវទេសចរណ៏ចិន។
ប្រភព : Bee