ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន។
«ព្រះស្រីឦសានវរ្ម័ន» គឺជាសារមន្ទីរ ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន ហើយវាត្រូវបានបង្កើតឡើងដើម្បីចងចក្រប្រវត្តិនៃការវិវត្តិរីកចម្រើន នៃ ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងតួនាទីធនាគារ កណ្ដាលនិង រូបិយវត្ថុ ក្នុងការរួមចំណែកអភិវឌ្ឍនសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជាតាំងពី សម័យមុនអង្គររហូតដល់បច្ចុប្បន្ននេះ។
សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន»មានទីតាំងស្ថិតនៅ ផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូចពេញ។ អគារថ្មីរបស់ធនាគារ ជាតិនៃ កម្ពុជានេះ នឹងក្លាយទៅជាអគារការិយាល័យធ្វើការរបស់រដ្ឋមួយដ៏មានស្រស់ស្អាត ដែលនឹងផ្ដល់បរិយាកាសការងារល្អដល់មន្រ្តីបុគ្គលិកដែលបម្រើការងារនៅធនាគារជាតិផ្ទល់។
តាមរបាយការណ៍របស់ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គម្រោងសាងសង់អគារសារមន្ទីរ ត្រូវបានចាប់ផ្តើមឡើងនៅឆ្នាំ២០១២ បន្ទាប់ពីទទួលបានអនុសាស
ន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
សារមន្ទីរនេះ ត្រូវបានរចនាឡើងដោយយោងទៅតាមរូបិយវត្ថុ ដែលបានបោះផ្សាយ និងត្រូវបានប្រើប្រាស់នាពេលកន្លងមក។ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» មានពិព័រណ៍ចំនួន ១២ម៉ូឌែល ដែលពិពណ៌នាអំពីប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយរំលេចនូវប្រព័ន្ធសេដ្ឋកិច្ច និងរូបិយវត្ថុក្នុងសម័យហ្វូណន រហូតដល់បច្ចុប្បន្ន។
រីឯ ផ្នែកខាងក្នុងនៃសារមន្ទីរ មានភាពទំនើប និងត្រូវបានបំពាក់ដោយភាពយន្តឯកសារ ល្បែងកម្សាន្ត និងផ្ទាំងប៉ះ (Touch Screens) ដែលផ្តល់នូវភាពរីករាយ និងចំណេះដឹងដល់សាធារណជន។
ប្រភព : Bee