លោកឧកញា ម៉ុង ឬទ្ធី ជាសមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមហ៊ុនម៉ុងឬទ្ធីគ្រុបដែលផ្តោតលើវិស័យកសិកម្ម, កសិឧស្សាហកម្ម និងកែច្នៃ រួមបញ្ចូលទាំង ការនាំចេញផលិតផល, សំណង់ (ការសាងសង់ផ្លូវ, ស្ពាន, សាលារៀនមន្ទីរពេទ្យ និងសំណង់សាធារណៈ ផ្ទះតម្លៃទាប) និងរោងចក្រផលិតបេតុង។
លោកបានធ្លាប់មានប្រសាសន៍ប្រាប់សាធារណជនឥ្យដឹងថា ការដែលលោកបានមកដល់បច្ចុប្បន្ននេះ ព្រោះតែលោកធ្លាប់ធ្វើជាឈ្នួលគេ ហើយធ្លាប់គេធ្វើបាប ទើបលោក និងភរិយា ខិតខំរហូតមានអ្វីៗដូចថ្ងៃនេះ។
លោកឧកញ៉ាមានប្រសាសន៍ថា បទពិសោធន៍ដ៏ល្វីងជូរចត់ ដែលលោកធ្លាប់ស៊ីឈ្នួលគេមានច្រើនកន្លែង តែលោកលើកពីការស៊ីឈ្នួលរកតុគុយទាវនៅហាងមួយកន្លែង។ លោករត់តុគុយទាវ នៅពេលលោកមានអាយុ ១៣ ឆ្នាំ ហើយគេឲ្យដេកជាមួយនឹងទំនិញ ហើយក្រោកម៉ោង ៤ ភ្លឺ ដើម្បីបង្កាត់ភ្លើងគុយទាវ បន្ទាប់មកពេលភ្ញៀវមកដល់ លើកគុយទាវ និងកាហ្វេជូនដល់ភ្ញៀវ។
នៅពេលចប់ពីការលើកគុយទាវ និងកាហ្វេ លោកបានលាងចាន និងរៀបចំកន្លែងឲ្យរួចរាល់ បន្ទាប់មកពរកូនគេនៅពេលរសៀលពេញ តែមិនទទួលបានប្រាក់លើកទឹកចិត្តបន្ថែមទេ សូម្បីតែលុយ ៥ កាក់ ដើម្បីទិញការ៉េមក៏គ្មានដែរ។
ក្រោយពីពរកូនគេរួច លោកត្រឡប់មកបោកខោអាវ រួចលោកបានចូលសម្រាក។ ដូចនេះ ការស៊ីឈ្នួលមួយនេះ បានបង្រៀនគាត់ឲ្យចេះតស៊ូមកដល់សព្វថ្ងៃនេះ ហើយលោកដឹងពីសុខទុក្ខមនុស្សតាមរយៈបទពិសោធន៍មួយនេះ។
លោកឧកញ៉ាមានប្រសានស៍ទៀតថា គ្មាននរណាប្រដៅលោកបាន ក្រៅពីស្បែកជើងកង់ឡានទេ មានន័យថា ប្រសិនលោកមានកំហុសឆ្គងអ្វីមួយ លោកក្រឡេកទៅមើលស្បែកជើងកង់ឡានវិញ លោកគិតថា លោកមិនចាំបាច់ធ្វើខុសទៀតទេ។
លោកពន្យល់ថា លោកឃើញថា ចំពោះអ្នកមានលុយភាគច្រើននៅកម្ពុជា តែងតែភ្លើតភ្លើន ភ្លេចខ្លួនដោយផឹកស៊ី ស្រីញី ភ្លេចធាតុដើម នឹងរលាយទៅវិញច្រើននាក់ណាស់។ លោកឧកញ៉ា បានប្រៀបធៀបថា ប្រសិនបើយើងឡើងចុងត្នោត ពិបាកណាស់ទម្រាំទៅដល់ចុងត្នោត តែប្រយត្ន័របូតដៃមកវិញ បើមិនរបួសទេ គឺមានតែស្លាប់។
ប្រភព : Bee