ព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានព្យាករណ៍ថា តាមសន្ទសន៍នៃសក្តានុពល និងការវិនិយោគលើវិស័យសេវាស្នាក់នៅ ខេត្តព្រះសីហនុ នឹងមានសណ្ឋាគារកើនឡើងជាមធ្យម ៣,៥ពាន់បន្ទប់ក្នុងមួយឆ្នាំ ដែលបន្ទប់សណ្ឋាគារ អាចនឹងកើនដល់ជិត ១ម៉ឺនបន្ទប់ក្នុងឆ្នាំ២០២១។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅក្នុងកិច្ចប្រជុំបូកសរុបការងារទេសចរណ៍ត្រីមាសទី១ ឆ្នាំ២០១៩ និងវឌ្ឍនភាពការងាររបស់ក្រុមការងារទាំងប្រាំ ដើម្បីជួយពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍ខេត្តព្រះសីហនុកាលពីថ្ងៃទី ៣០ កន្លងមកនេះ បានឱ្យដឹងថា ដើម្បីគាំទ្រដល់ការរីកចម្រើនវិស័យទេសចរណ៍យ៉ាងគំហុក និងជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំផែនការបណ្តុះបណ្តាលធនធានមនុស្ស និងពង្រឹងគុណភាពបុគ្គលិកជំនាញតាមរយៈការបើកវគ្គបណ្តុះបណ្តាលជាប្រចាំ និងជំរុញដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ធ្វើការបើកវគ្គពង្រឹងសមត្ថភាពនៅមូលដ្ឋានផ្ទាល់ (In house training)។
លោករដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍ដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង មន្ទីរទេសចរណ៍ ក្រុមការងារទាំងប្រាំ ព្រមទាំងមន្ទីរ និងអង្គភាពពាក់ព័ន្ធត្រូវសហការគ្នាបន្តអនុវត្តភារកិច្ច និងដោះស្រាយបញ្ហាប្រឈមតាមជំនាញ និងអនុវត្តច្បាប់ជាចម្បងប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្ពោះទៅដល់ការរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុ ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០២០ និងកិច្ចប្រជុំកំពូលអាស៊ាន (ASEAN Summit) ក្នុងឆ្នាំ២០២២។
ឆ្នាំ២០១៨ កន្លងមកនេះ ចំនួនទេសចរបរទេសមកកម្ពុជាមានចំនួន៦,២លាននាក់កើនឡើង១១% ដោយឡែកទេសចរអន្តរជាតិមកខេត្តព្រះសីហនុ មានចំនួន៥៨ម៉ឺននាក់កើន២៤% ដែលបង្កើតការងារដោយផ្ទាល់ចំនួន១៧ម៉ឺននាក់ និងសម្រាប់៣ខែដើមឆ្នាំ២០១៩នេះ មានចំនួន២០ម៉ឺននាក់ កើនឡើង២៥%។ បច្ចុប្បន្ន មូលដ្ឋានសេវាស្នាក់នៅមានចំនួន៩៦៩៧បន្ទប់ ក្នុងនោះសណ្ឋាគារកម្រិតផ្កាយ៥ មានចំនួនប្រមាណ២ពាន់បន្ទប់៕
ប្រភព : www.propertyarea.asia