ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកអូន ព័ន្ឋមុនីរ័ត្នបានមានប្រសាសន៍ឱ្យដឹងថា រយៈពេល២ខែដំបូង ឆ្នាំ២០១៩នេះ គម្រោងវិនិយោគចំនួន៧៣គម្រោង ត្រូវបានអនុម័ត ដែលមានទុនវិនិយោគប្រមាណ២២០០លានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ មានតែ៣៩គម្រោងទុនវិនិយោគ៣២៧លានដុល្លារប៉ុណ្ណោះ។
លោកឧបនាយករដ្ឋមន្រ្តីបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នបានមានប្រសាសន៍ឱ្យដឹងក្នុងវេទិការដ្ឋាភិបាល និងវិស័យឯកជនកាលពីថ្ងៃទី២៩ មិនាកន្លងមកថា រយៈពេល៥ឆ្នាំចុងក្រោយនេះ ស្ថានភាពនៃការវិនិយោគនៅកម្ពុជា មានលក្ខណៈល្អប្រសើរ ដោយបានអនុម័តគម្រោងវិនិយោគចំនួន ៩៥៩គម្រោង ទុនវិនិយោគសរុបចំនួន២៣ប៊ីលានដុល្លារ ដែលអាចបង្កើតការងារចំនួន១លានកន្លែង។
លោកបន្តថា “កម្ពុជានៅតែជាប្រទេសគោលដៅដ៏មានសក្តានុពល សម្រាប់អ្នកវិនិយោគ ទាំងក្នុងស្រុក និងបរទេស ។ ជាក់ស្តែងផ្អែកតាមការកត់ត្រា របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍លម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ(២០១៤-២០១៨) ស្ថានភាពនៃការវិនិយោគ មានលក្ខណៈល្អប្រសើរ”។
ដោយសារតែកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាមធ្យម៧.៧ភាគរយ ក្នុងរយៈពេលជាង២ទស្សវត្ស បូករួមផ្លែផ្កានៃការអនុវត្តយុទ្ធសាស្ត្រ ចុតកោណនាពេលកន្លងមក គួបផ្សំនឹងការដាក់ចេញ ក៏ដូចជាការអនុវត្ត នូវគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ និងគោលនយោបាយពាក់ព័ន្ធដទៃទៀត បានជំរុញឱ្យសកម្មភាពវិនិយោគនៅកម្ពុជា កាន់តែមានវិសាលភាពធំឡើង និងសម្បូរបែប។
លោកអូន ព័ន្ឋមុនីរ័ត្នបានបន្តថា ការធ្វើពិពិធកម្មលើសកម្មភាពវិនិយោគ បានកើតឡើងក្នុងរូបភាពជា គម្រោងវិនិយោគក្នុងវិស័យថ្មីៗ ដូចជា គម្រោងដំឡើងរថយន្ត និងទោចក្រយានយន្ត កម្រោងផលិតគ្រឿងបង្គុំរថយន្ត គម្រោងផលិតគ្រឿងអេឡិចត្រូនិក និងម៉ូទ័រខ្នាតូច គម្រោងរោងចក្រផលិតស៊ីម៉ង់ត៍ គម្រោងផលិតភេសជ្ជៈ គម្រោងផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ និងធ្យូងថ្ម គម្រោងផលិតសម្ភារ និងបរិក្ខាពេទ្យ គម្រោងដំណាំឧស្សាហកម្ម និងការកែច្នៃផលិតផលកសិកម្ម គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបជាដើម។
កាលពីឆ្នាំ២០១៨ តំបន់សេដ្ឋកិច្ចពិសេសដែលមានដំណើរការ មានចំនួនរហូតដល់២១តំបន់ ក្នុងនោះមានរោងចក្រចំនួន២៦៦ និងបានបង្កើតការងារចំនួន១១៣ពាន់កន្លែង បើធៀបទៅនឹងឆ្នាំ២០១៤ ដែលមានតំបន់សេដ្ឋកិច្ចពិសេសដំណើរការតែចំនួន១៥ មានរោងចក្រចំនួន១៥២ និងបានបង្កើតការងារចំនួន៨៩ពាន់កន្លែងប៉ុណ្ណោះ។
លោកអូន ព័ន្ឋមុនីរ័ត្នបានបន្តថា សូចនាករនៃកំនើនស្ទើរគ្រប់វិស័យ បានសបញ្ជាក់ពីសក្តានុពលរបស់កម្ពុជា និងជំនឿទុកចិត្តរបស់ធុរជន និងអ្នកវិនិយោគ ទាំងក្នុងស្រុក និងបរទេស មកលើការដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខ ក្នុងគ្រប់កាលៈទេសៈរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងបានបង្ហាញអំពីការចូលរួមចំណែក ពីសំណាក់បងប្អូនប្រជាពលរដ្ឋ កម្មករ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់៕
ប្រភព : www.propertyarea.asia