កណ្តាល៖ ភាពរីកចម្រើន និងការអភិវឌ្ឍទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងតាខ្មៅ កំពុងតែបន្តដំណើរជាជំហានៗ និងកាន់តែល្អប្រសើរជាងមុនដែលស្របទៅនឹងគម្រោងស្ថិតនៅក្នុងប្លង់គោលរបស់ក្រសួង និងសាលាខេត្តដែលកំពុងអនុវត្តន៍យ៉ាងសកម្ម។
អភិបាលរងខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានប្រាប់ឱ្យដឹងតាមរយៈទូរស័ព្ទកាលពីរសៀលថ្ងៃទី២៩ ខែមីនា នេះថា ក្រុងតាខ្មៅពេលនេះ មានវិសាលភាពធំទូលាយជាងពេលមុន បន្ទាប់ពីមានការកាត់បញ្ចូលឃុំចំនួន៤មកពីស្រុកស្អាង ធ្វើជាចំណុះរបស់ក្រុងតាខ្មៅ ដែលរួមមានឃុំស្វាយរលំ ឃុំសត្បូរ ឃុំព្រែកគយ និងឃុំរកាខ្ពស់។
លោកបានលើកឡើងថា នៅក្នុងប្លង់គោលរបស់ខេត្ត ក្រុងតាខ្មៅនឹងមានការអភិវឌ្ឍនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្ទើរទូទាំងក្រុង ដែលក្រៅពីមានការពង្រីកក្រុងនៅមានការពង្រីកផ្លូវជាច្រើនកន្លែង ដើម្បីធ្វើយ៉ាងណាផ្តកល់ភាពងាយស្រួល ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ខណៈដែលចំនួននៃមនុស្សចេះតែមានការកើនឡើងឥតឈប់ឈរ។
លោកបន្តថា នៅក្នុងតំណាក់កាលដែលសាលាខេត្ត ក៏ដូចជាក្រសួងរៀបចំដែនដីនរូបនីយកម្ម និងសំណង់ កំពុងតែផ្តោតការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍនេះ បានធ្វើឱ្យវិស័យសំណង់នៅក្នុងក្រុងតាខ្មៅទាំងមូលមានការរីកចម្រើនផងដែរ ជាពិសេស វិស័យលំនៅដ្ឋាន ដែលកំពុងតែមានភាពផុសផុលយ៉ាងខ្លាំង ក្រោមការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក។
លោកបណ្ឌិត វ៉ាន់ វ៉ាត អ្នកឯកទេសផ្នែកនគរូបនីយកម្ម ដែលជាអ្នករៀបចំប្លង់គោលក្រុងតាខ្មៅ និងបណ្តាស្រុកនានាទូទាំងខេត្តកណ្តាល បានមានប្រសាសន៍ឱ្យដឹងថាប្លង់គោលប្រើប្រាស់ដីធ្លីក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និងកិច្ចធានាធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពនិរន្តរភាព។ លោកបានបញ្ជាក់ថា “ប្លង់គោលអភិវឌ្ឍន៍និមួយៗពិតជាមានសារៈសំខាន់ណាស់ ព្រោះប្លង់គោលបានកំណត់និយាមការណ៍ទំហំផ្លូវ ដើម្បីកំណត់ពីផែនការប្រើប្រាស់ដីធ្លីនៅក្នុងមូលដ្ឋានឱ្យមានភាពសមស្រប និងដើម្បីជំរុញការប្រើប្រាស់ដី និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព”។
លោកបន្តថា ប្លង់គោលបានកំណត់តំបន់អភិវឌ្ឍន៍ផ្សេងៗគ្នា ដូចជា តំបន់សម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម តំបន់អភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់ធ្វើកសិកម្មជាដើម។ ប្លង់គោលអាចអនុវត្តន៍បាន ក៏ទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឱ្យការងារនេះមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ការរៀបចំប្លង់គោល គឺជាការវិវត្តថ្មីមួយក្នុងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋ ឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និងគម្រោងបង្កើតឋានសុខដុមនៃការរស់នៅ លំហែកាយ និងការប្រកបការងារផ្សេងៗ ជាពិសេសតាមរយៈការអនុវត្តន៍ប្លង់គោលនេះ អាចកាត់បន្ថយនូវទំនាស់ដីធ្លីផ្សេងៗ ដែលធ្លាប់តែមានបញ្ហាកើតឡើងឥតឈប់ឈរនៅក្នុងមូលដ្ឋាន។
លោកបណ្ឌិតបានបន្តថា “ភាពរីកចម្រើននៅក្នុងក្រុងតាខ្មៅ ជាពិសេសការពង្រីកវិសាលភាពក្រុងទាំងមូលឱ្យបានធំទូលាយដើម្បីឱ្យស្របទៅនឹងកំណើននៃចំនួនប្រជាសាស្រ្តនេះ បានជំរុញឱ្យវិសយអចលនទ្រព្យ និងសំណង់មានការកើនឡើងផងដែរ”។
ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal (KFA) លោកឧកញ៉ា នួន រិទ្ធី បានបច្ចុប្បន្ននេះ ក្រុងតាខ្មៅលែងឯកោដូចមុនទៀតហើយ ដែលពេលនេះ ក្រៅពីមានការអភិវឌ្ឍនៅក្នុងតំបន់ទីប្រជុំជនក្នុងក្រុង នៅតាមបណ្តាជាយក្រុងក៏មានភាពរីកចម្រើនដែរ ជាពិសេសផ្នែកសំណង់លំនៅដ្ឋាន ដែលធ្វើឱ្យតម្លៃដីមានការកើនឡើងឥតឈប់ឈរ។
លោកថា បច្ចុប្បន្នចំពោះតម្លៃដីដែលស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម គឺនៅក្នុងចន្លោះចាប់ពី ៧០០-១៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតំបន់ខ្លះទៀតអាចឡើងរហូតដល់ ២០០០-៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកដីដែលស្ថិតនៅតំបន់ជាយក្រុង ជាពិសេសដីដែលនៅជាប់ នឹងផ្លូវក្រវ៉ាត់ក្រុងក្នុងស្រុកស្អាង មានតម្លៃចន្លោះពី១៥០- ៣៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលអាស្រ័យទៅតាមទំហំដី និងទីតាំង។
លោកឧកញ៉ាបញ្ជាក់ថា គិតជាមធ្យមតម្លៃដី និងអចលនទ្រព្យនៅទីប្រជុំជនក្នុងក្រុងតាខ្មៅ បានកើនឡើងប្រមាណ៣០-៥០ភាគរយ ខណៈដែលតម្លៃដីនៅតំបន់ជាយក្រុងតាមបណ្តោយផ្លូវជាតិលេខ២១ បានកើនឡើងចន្លោះប្រមាណ២០-៣០ ភាគរយ ហើយដីដែលនៅជាប់ផ្លូវក្រវ៉ាត់ក្រុង បានកើនឡើងស្ទើរតែ១០០ភាគរយ៕
ប្រភព : www.propertyarea.asia