Register Already an agent ? Login

អ្នកជំនាញ​អចលនទ្រព្យ​៖ តម្លៃ​ដីធ្លី​ឆ្នាំនេះ​មាន​កំណើន​ជាមធ្យម​ ៣ភាគរយ

ភ្នំពេញ​៖ អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​បាន​អះអាង​ថា​ យោង​តាម​ការសិក្សា​បាន​រក​ឃើញថា​ តម្លៃ​ដី​នៅ​ឆ្នាំនេះ​សម្រេច​បា​នកំនើន៣ភាគរយ​ នៅ​ដំណាច់​ត្រីមាស​ទី១ឆ្នាំនេះ​។

អ្នកនាង​ អាន​ សុធី​តា​ នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ កាលពី​ថ្ងៃទី២៨មិនា​ កន្លងមក​ថា​ តម្លៃ​ដីធ្លី​នៅ​ឆ្នាំនេះ​នៅតែ​មាន​សញ្ញា​វិជ្ជមាន​ ដោយ​អត្រាកំណើន​បាន​កើន​ជាមធ្យម ៣ភាគរយ​ ប៉ុន្តែ​មិន​មាន​មានន័យថា​គ្រប់តំបន់​កើនឡើង​ក្នុង​កម្រិត​នេះនោះ​ទេ​ គឺ​តំបន់​ខ្លះ​បាន​ហក់​ឡើង​ខ្ពស់​ជាង​នេះ​ ពិសេស​តំបន់​ជាយក្រុង​ ដោយសារតែ​ការពង្រីក​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ ការ​កើនឡើង​នូវ​កត្តា​ប្រជា​សាស្រ្ត​ និង​ការពង្រីក​គម្រោង​អភិវឌ្ឍ​របស់​អ្នក​វិនិយោគ​នានា​។

អ្នកនាង​បន្ត​ថា​ “រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ តម្លៃ​ដីធ្លី​នៅ​កម្ពុជា​សម្រេច​បា​នកំនើន​ជាមធ្យម៧ភាគរយ​ ដែល​ជា​កំនើ​នដ៏​ប្រសើរ​មួយ​ ប៉ុន្តែ​សម្រាប់​បណ្តា​ឆ្នាំខាងមុខ​ ការព្យាករណ៍​នៅតែ​មាន​សញ្ញា​ល្អ​ប្រសើរ​”។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ឃាង​ ពុទ្ឋី​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​ថា​ ក្នុង​ដើមឆ្នាំ​២០១៩​នេះ​ លោក​មើល​ឃើញ​អ្វី​ៗមាន​សញ្ញា​វិជ្ជមាន​ ដោយសារ​ការទិញ​លក់​ដីធ្លី​ និង​ការទិញ​លក់​លំនៅ​ដ្ឋាន​របស់​បុ​រី​ធំៗ​ នៅ​ក្រុងភ្នំពេញ​ នៅតែ​មាន​សញ្ញា​ល្អ​ប្រសើរ​ ពិសេស​ចរន្ត​នៃ​ការទិញ​លក់​ដីធ្លី​នៅតែ​បន្ត​កើនឡើង​ ហេតុនេះ​ឆ្នាំ២០១៩ជា​ឆ្នាំ​ល្អ​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​។

លោក​បន្ត​ថា​ “អ្វី​ដែល​ខ្ញុំ​មើលឃើញ​នៅដើម​ឆ្នាំ២០១៩នេះ​ គឺ​អ្នក​អភិវឌ្ឍន៍​ដី​ឡូត៍​ចាប់ផ្តើម​សាងសង់​ផ្ទះ​តម្លៃ​មធ្យម​ ដែល​អនុញ្ញាត្ត​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​នានា​អា​ចមានលទ្ឋ​ភាព​ទិញ​កាន់តែ​ច្រើន​”។ លោក​បន្ត​ថា​ “ការ​រីកចម្រើន​នៃ​វិស័យ​នេះ​នឹង​បន្ត​រយៈពេល​វែង​បន្ត​ទៀត​ ដរាបណា​សេដ្ឋកិច្ច​របស់​យើង​នៅតែ​មាន​សញ្ញា​វិជ្ជមាន​ និង​កំនើន​ល្អ​ប្រសើរ​បែបនេះ​”៕

ប្រភព : www.propertyarea.asia