ភ្នំពេញ៖ នៅថ្ងៃនេះគេហទំព័រ propertyarea.asia សូមលើកយកចំណេះដឹងទូទៅ ទាក់ទងនឹងនិតិវិធីនាំចេញនាំចូល ដើម្បីឲ្យលោក លោកស្រី អ្នកអានទាំងអស់បានជ្រាប ដើម្បីធ្វើជាចំណេះដឹងសំរាប់ខ្លួន។
សូមចាប់ផ្តើមអាន និងឆ្លើយសំណួរពាក់ព័ន្ឋមួយចំនួន ដូចជា
សំណួរៈ តើពន្ឋនិងអាករលើទំនិញនាំចេញ នាំចូលត្រូវគណនាយ៉ាងដូចម្តេច?
ចម្លើយៈ ពន្ធ និងអាករលើទំនិញនាំចូល នាំចេញ ត្រូវបានគណនាតាមវិធីសាស្ត្រដូចខាងក្រោម៖
ក. ចំពោះទំនិញទូទៅ
ការគណនាប្រាក់ពន្ធ អាករ ត្រូវគណនាតាមលំដាប់លំដោយ ជាដំបូងត្រូវគណនាពន្ធនាំចូល អាករពិសេស (បើមាន) និងអាករលើតម្លៃបន្ថែម។
ពន្ធនាំចូល = តម្លៃគិតពន្ធគយ x អត្រាពន្ធនាំចូល
• អាករពិសេស = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល) x អត្រាអាករពិសេស
• អាករលើតម្លៃបន្ថែម = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល) x ១០% (ចំពោះទំនិញទូទៅមិនជាប់អាករពិសេស)
ឬ = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល + អាករពិសេស) x ១០% (ចំពោះទំនិញទូទៅ)
ប្រាក់ពន្ធ និងអាករសរុប = ពន្ធនាំចូល + អាករលើតម្លៃបន្ថែម (ចំពោះទំនិញទូទៅមិនជាប់អាករពិសេស)
ឬ = ពន្ធនាំចូល + អាករពិសេស + អាករលើតម្លៃបន្ថែម (ចំពោះទំនិញទូទៅជាប់
អាករពិសេស)
ឧទាហរណ៍ៈ ក្រុមហ៊ុន A នាំចូលស្រាបៀរចំនួន 20 កេស ដែលមានតម្លៃគិតពន្ធគយស្មើ 4លានរៀល។ តើប្រាក់ពន្ធ និងអាករសរុបដែលត្រូវបង់ស្មើប៉ុន្មាន ?
ចម្លើយៈ ការនាំចូលស្រាបៀរ ត្រូវជាប់ពន្ធនាំចូលតាមអត្រា 35% អាករពិសេស 25% និងអាករលើតម្លៃបន្ថែម
10% ។ ការគណនាប្រាក់ពន្ធ និងអាករ មានដូចខាងក្រោម៖
• ពន្ធនាំចូល = 4,000,000 x 35% = 1,400,000រៀល
• អាករពិសេស = (4,000,000 + 1,400,000) x 25% = 1,350,000រៀល
• អាករលើតម្លៃបន្ថែម = (4,000,000 + 1,400,000 + 1,350,000) x 10%
= 675,000 រៀល
ដូចនេះ ប្រាក់ពន្ធ និងអាករសរុបដែលត្រូវបង់ = 1,400,000 + 1,350,000 + 675,000
= 3,425,000 រៀល។
ខ. ចំពោះប្រេងសាំង ឬម៉ាស៊ូត
ការគណនាប្រាក់ពន្ធ អាករ ត្រូវគណនាតាមលំដាប់លំដោយ ជាដំបូងត្រូវគណនាពន្ធនាំចូល អាករបន្ថែម អាករពិសេស និងអាករលើតម្លៃបន្ថែម។
• ពន្ធនាំចូល = តម្លៃគិតពន្ធគយ x អត្រាពន្ធនាំចូល
• អាករបន្ថែម = បរិមាណ (ចំនួនលីត្រ) x 0.02$ x អត្រាប្តូរប្រាក់ (ចំពោះប្រេងសាំង)
ឬ = បរិមាណ (ចំនួនលីត្រ) x 0.04$ x អត្រាប្តូរប្រាក់ (ចំពោះប្រេងម៉ាស៊ូត)
• អាករពិសេស = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល + អាករបន្ថែម) x អត្រាអាករពិសេស
• អាករលើតម្លៃបន្ថែម = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល + អាករបន្ថែម + អាករពិសេស) x ១០%
ប្រាក់ពន្ធ និងអាករសរុប = ពន្ធនាំចូល + អាករបន្ថែម + អាករពិសេស + អាករលើតម្លៃបន្ថែម
ឧទាហរណ៍ៈ ក្រុមហ៊ុន B នាំចូលប្រេងសាំង 100 លីត្រ ដែលមានតម្លៃគិតពន្ធគយស្មើ 250,000រៀល។ តើប្រាក់ពន្ធ និងអាករសរុបដែលត្រូវបង់ស្មើប៉ុន្មាន ? ដោយដឹងថា អត្រាប្តូរប្រាក់ 1$ = 4,000 រៀល។
ចម្លើយៈ ការនាំចូលប្រេងសាំង ត្រូវជាប់ពន្ធនាំចូលតាមអត្រា 35% អាករបន្ថែម 0.02$ ក្នុង 1លីត្រ អាករពិសេស
33.33% និងអាករលើតម្លៃបន្ថែម 10% ។ ការគណនាប្រាក់ពន្ធ និងអាករ មានដូចខាងក្រោម៖
• ពន្ធនាំចូល = 250,000 x 35% = 87,500រៀល
• អាករបន្ថែម = 100 x 0.02 x 4000 = 8,000 រៀល
• អាករពិសេស = (250,000 + 87,500 + 8,000) x 33.33% = 115,155.15 រៀល
• អាករលើតម្លៃបន្ថែម = (250,000 + 87,500 + 8,000 + 115,155.15) x 10%
= 46,065.52 រៀល
ដូចនេះ ប្រាក់ពន្ធ និងអាករសរុបដែលត្រូវបង់ = 87,500 + 8,000 + 115,155.15 + 46,065.52
= 256,721 រៀល៕
ប្រភព : www.propertyarea.asia