Register Already an agent ? Login

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ ២៤០លាន​ដុល្លារ Gold Tower42 បានបញ្ចប់​គ្រោង​អគារ

ភ្នំពេញ៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ ២៤០លាន​ដុល្លារ Gold Tower42 ដែល​ត្រូវបាន​សាងសង់​ឡើងវិញ​ក្រោយពី​ពន្យា​ពេល​សាងសង់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ បាន​សាងសង់​បញ្ចប់​គ្រោង​អគារ និង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​នេះ ហើយ​វា​បាននិងកំពុង​ក្លាយជា Landmark មួយ​នៃ​ក្រុងភ្នំពេញ។

ក្រុមហ៊ុន HTWM Construction Engineering (Cambodia) Co.,Ltd នឹង​រៀង​ចំ​ពិធី​បញ្ចប់​គ្រោង​អគារ​នេះ (Gold Tower 42) នៅ​ថ្ងៃ២៨ ខែមករា ស្អែក​នេះ ដែលមាន​ការចូលរួម​ថ្លែង​សន្ទរកថា ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ផងដែរ។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Gold Tower42 ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ដោយមាន​ផ្សារ​ទំនើប ការិយាល័យ ខុន​ដូ មន្ទីរ​ពេទ្យ និ​សេវាកម្ម​ចម្រុះ​ជាច្រើន​ទៀត តែ​យ៉ាងណាក៏ដោយ​ការប្រកាស​លក់​គំរោង​នេះ​ជាថ្មី មិនទាន់​បានធ្វើ​នៅឡើយ​ទេ ខណៈ​ការស្ថាបនា​បាននិងកំពុង​ញាប់ដៃ​ញាប់ជើង ដើម្បី​ឲ្យ​អាគារ​នេះ​បញ្ចប់​និង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ចុងឆ្នាំ២០១៩នេះ។

នៅពេល​បញ្ចប់​ការសាងសង់ Gold Tower42 នឹងមាន​កំពស់​រហូត​ដល់១៩២ម៉ែត្រ ហើយ​វា​នឹង​ក្លាយជា​អាគារ​ខ្ពស់​ជាងគេ​ទី១ នៅ​ក្រុងភ្នំពេញ​នា​ឆ្នាំ២០១៩នេះ ខណៈ​អាគារ​ខ្ពស់​ផ្សេងទៀត​មិនទាន់​បានបញ្ចប់​ការសាងសង់។

លោក Kim Tae Yeon ប្រធាន​ក្រុមហ៊ុន YUNWOO ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពីពេល​ប្រកាស​ចាប់ផ្តើម​សាងសង់​អាគារ​នេះ ជាថ្មី​កាលពី​ចុងឆ្នាំ​មុន​ថា អាគារ​នេះ​បាន​ចំណាយ​ប្រាក់​សាងសង់​អស់ ១០០លាន​ដុល្លារ​ហើយ និង​ត្រូវ​ចំណាយ​ប្រាក់១៤០លាន​ដុល្លារ​ទៀត ដើម្បី​បញ្ចប់​គំរោង​នេះ​នៅ​ចុងឆ្នាំ២០១៩ខាងមុខ។ មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ​រួមបញ្ចូល​ផ្សារ​ទំនើប អាគារ​ការិយាល័យ ខុន​ដូ​សរុប​ចំនួន ៣៩៩យូ​នី​ត។

ក្រុមហ៊ុន YUNWOOបាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន Hongtao Decoration និង​ក្រុមហ៊ុន​សាងសង់​ឈ្មោះ​Waiman Construction& Engineering ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ដើម្បី​សាងសង់​បញ្ចប់​អាគារ​នេះ។

អាគារ Gold Tower 42 បាន​ផ្អាក​ការសាងសង់​នៅ​ឆ្នាំ២០១០ ខណៈដែល​ក្រុមហ៊ុន​សាងសង់​បានបញ្ចប់​ត្រឹម​ជាន់​ទី៣១ នៃ​អាគារ​កំពស់៤២ជាន់​នេះ៕

ប្រភព : www.propertyarea.asia