ភ្នំពេញ: ផ្សារម៉ាក្រូ សាខាទី២ ស្ថិតនៅក្នុងទីក្រុងសៀមរាប ខេត្តសៀមរាប គ្រោងសម្ពោធដាក់អោយដំណើរជាផ្លូវការនៅថ្ងៃទី25ខែមករាពោលនៅសប្តាហ៍ក្រោយនេះ បន្ទាប់ពីទទួលបានជោគជ័យនូវដំណើរការអាជីវកម្ម ផ្សារ Makro ទី១ នៅក្នុងរាជធានីភ្នំពេញកាលពីចុងឆ្នាំ២០១៧កន្លងមកនេះ។
យោងតាមប្រភពពីក្រុមហ៊ុនបានឲ្យដឹងថា ផ្សារម៉ាក្រូ សាខាទី២ នេះ នឹងត្រូវបើកសម្ពោធដាក់ឲ្យដំណើរការអាជីវកម្មនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ដោយមានការចូលរួមពីគណៈអធិបតី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមទាំងគណៈគ្រប់គ្រងផ្សារម៉ាក្រូ និងអ្នកជំនួញល្បីៗជាច្រើនរួបទៀត។
ផ្សារម៉ាក្រូ គឺជាផ្សារលក់បោះដុំទំនិញថៃដ៏ធំមួយនេះ ជាការបោះទុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) ដែលគ្រប់គ្រងដោយមហាសេដ្ឋីស្រុកខ្មែរ គឺអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលកាន់កាប់ភាគហ៊ុនចំនួន ៣០ភាគរយ និងក្រុមហ៊ុន ស៊ី.ភី.គ្រុប ដែលគ្រប់គ្រងកាន់កាប់ដោយមហាសេដ្ឋីលេខ១ របស់ប្រទេសថៃ គឺលោក ថានីន ជារ៉ាវ៉ានុន (Dhanin Chearavanont) ដែលកាន់កាប់ភាគហ៊ុនចំនួន ៧០ភាគរយ។
ផ្សារនេះ ស្តុកលក់ទំនិញបោះដុំរហូតដល់ជាង ១ម៉ឺនមុខ ហើយផ្សារនេះ ត្រូវគេមើលឃើញថា នឹងដើរតួជាអ្នកផ្គត់ផ្គង់ផលិតផលម្ហូបអាហារដ៏ធំ និងសំខាន់ជាងគេមួយ សម្រាប់វិស័យលក់រាយនៅកម្ពុជា៕
ប្រភព : www.propertyarea.asia