ភ្នំពេញ៖ លោកឧកញ៉ាសៀ រិទ្ឋីអគ្គនាយកក្រុមហ៊ុន World Bridge Group បានពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុនអាមេរិក លើកិច្ចព្រមព្រៀងទិញ លក់ភាគហ៊ុនរវាងក្រុមហ៊ុនទាំងពីរប្រកបដោយសុវត្ថិភាព។

នៅក្នុងពិធីចុះហត្ថលេខាកាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ រវាងក្រុមហ៊ុន World Bridge Secure Logistic ដែលជាបុត្រសម្ព័ន្ឋនៃក្រុមហ៊ុន World Bridge Group ជាមួយក្រុមហ៊ុន Brink’s Incorporated លោកឧកញ៉ាសៀ រិទ្ឋីបានមានប្រសាសន៍ថា ការទិញលក់ភាគហ៊ុនរវាងភាគីទាំងពីរ ដែលទើបចុះហត្ថលេខាថ្ងៃនេះ នឹងធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅដ៏ត្រឹមត្រូវមួយ ស្របពេលដែលកម្ពុជាកំពុងមានចំណាប់យ៉ាងខ្លាំង ពីការប៉ុនប៉ងចូលមកធ្វើនិយោគ និងរកក្រុមហ៊ុនជាដៃគូក្នុងស្រុកដែលមានសក្តានុពលទាំងធនធានមនុស្ស និងហិរញ្ញវត្ថុ ដើម្បីបោះទុនចូលរួមរកទទួលទានក្នុងថេរវេលាយូរអង្វែង។ កត្តានេះក៏អាស្រ័យដោយកម្ពុជាបច្ចុប្បន្ន ស្ថិតក្នុងស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាតិដ៏រឹងមាំផងដែរ។
ការចុះហត្ថលេខារួមគ្នាគ្នានេះ ធ្វើឡើងក្នុងគោកដៅបម្រើសេវាកម្មផ្នែកសុវត្ថិភាពដឹកជញ្ជូនភស្តុភាមូលបត្រ ក្នុងគោលបំណងបង្កើនសមត្ថភាព វិនិយោគធុរកិច្ចឲ្យកាន់តែប្រកបដោយប្រសិទ្ធិភាព ដើម្បីផ្តល់ទំនុកចិត្តជូនអតិថិជនជាតិនិងអន្តរជាតិនៅទូទាំងកម្ពុជា។
លោក Gary Freedman តំណាងក្រុមហ៊ុន Brink’s Incorporated បានមានប្រសាសន៍ថា ក្រុមហ៊ុនលោកបានបម្រើសេវាកម្ម ដល់អតិថិជនមានសុវត្ថិភាពបំផុតនៅទូទាំងពិភពលោកដែលមានអាយុកាលជាង១៦០ឆ្នាំ ហើយពេលនេះក្រុមហ៊ុននឹងនាំមកនូវទាំងបច្ចេកវិទ្យា និងបទពិសោធន៍កន្លងមក ក្នុងការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពចូលមកកាន់ទីផ្សារកម្ពុជា។
ក្រុមហ៊ុន World Bridge Secure Logistic ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដោយក្រុមហ៊ុន វើលប្រ៊ិដ គ្រុប គឺជាក្រុមហ៊ុនដែលបានត្រួតត្រាយ និងឈានមុខគេនៅកម្ពុជា ក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនលោហៈធាតុមានតម្លៃ ដូចជា មាស ពេជ្រ ត្បូង និងគ្រឿងអលង្ការ រូបិយវត្ថុ។ល ។ក្នុងគោលបំណងធានានូវការដឹកជញ្ជូនទំនិញក្នុងស្រុក និងអន្តរជាតិប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិខ្ពស់៕
ប្រភព : www.propertyarea.asia