ភ្នំពេញ: កំនើននៃការវិនិយោគក្នុងស្រុក និងលំហូរវិនិយោគផ្ទាល់ពីបរទេសបានធ្វើឲ្យតម្លៃដីធ្លីនៅកម្ពុជា ពិសេសរាជធានីភ្នំពេញកើនឡើងគ្រប់កន្លែង ដែលនៅតំបន់ខ្លះអាចមានតម្លៃរហូតដល់៥០០០ដុល្លារក្នុងមួយម៉ែត្រការ៉េឬអាចខ្ពស់ជាងនេះ។
ងាកមកមើលតម្លៃដីធ្លីនៅក្រុងភ្នំពេញវិញ លោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak property service,Co, Ltd បានមានប្រសាសន៍ឱ្យដឹងថា ទោះបីជាដីដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ឬជាទីប្រជុំជនក៏ដោយ តម្លៃដីនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ដែលជាផ្លូវមានភាពមមាញឹកក្នុងការធ្វើដំណើរ និងជាច្រកដឹកជញ្ជូនតាមផ្លូវអាកាសក៏ពិតមែន ប៉ុន្តែសម្រាប់តម្លៃគឺអាចមានកម្រិតទាបជាងដីដែលស្ថិតនៅតាមបណ្តាផ្លូវនានាក្នុងក្រុង។
លោកស្រីបន្តថា “បច្ចុប្បន្ននេះយើងឃើញថា តម្លៃដីធ្លីស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី គឺមានផុសឡើងនូវអាគារពាណិជ្ជកម្មជាច្រើន ដែលក្នុងនោះក៏មានអាគារខុនដូ ក៏ដូចជាអាផាតមិនផងដែរ”។
ដីនៅតាមមហាវិថីនេះ គិតចាប់ពីទីតាំងចាប់ពីតំបន់មុខទីស្ដីការគណៈរដ្ឋមន្ត្រី រហូតដល់គល់ស្ពានអាកាស៧មករា តម្លៃជាក់ស្ដែងសព្វថ្ងៃនេះ គឺមានតម្លៃចន្លោះពី៤០០០ដល់៤៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។ ចាប់ពីចំណុចតំបន់ទឹកថ្លារហូតដល់ផ្សារសេនជូរី អាចមានតម្លៃចាប់ពី៣០០០ដល់៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែចាប់ពីចំណុចផ្សារ សេជូរី រហូតដល់ចំណុចរង្វង់មូលចោមចៅ គឺមានតម្លៃទាបជាងគេត្រឹមជាង២០០០-៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ។ តម្លៃនេះវាវាអាស្រ័យទៅលើទំហំដីធំ ឬតូច។លោកស្រីតាំង ហួរបញ្ជាក់ឲ្យដឹង។
លោកស្រីបន្តថា ហេតុផលដែលធ្វើឱ្យតម្លៃដីនៅតំបន់នេះ មានកម្រិតទាបជាងគេ ដោយសារតែវាពាក់ព័ន្ធទៅនឹងច្បាប់ទម្លាប់ នៃការសាងសង់អាគារ ដែលត្រូវបានកំណត់កំពស់ មិនអនុញាតិឱ្យសាងសង់អាគារដែលមានកម្ពស់ខ្ពស់ ដែលអាចប៉ះពាល់ដល់ផ្លូវហោះហើររបស់យន្តហោះ ហើយដីនៅតំបន់នេះក៏មិនមែនជាតំបន់ សម្រាប់តាំងទីលំនៅដ្ឋាននោះដែរ។
ជាមួយនឹងការប្រាប់ពីតម្លៃដី ស្ថិតនៅតាមបណ្តោយផ្លូវខាងលើនេះ អ្នកជំនាញរូបនេះបានបញ្ជាក់ឲ្យដឹងផងដែរថា សម្រាប់ពេលដ៏ខ្លីឆាប់ៗខាងមុខនេះ អាស្រ័យដោយតម្រូវការសាងសង់អាគារពាណិជ្ជកម្ម នៅតាមបណ្តោយមហាវិថីមួយនេះ មានការកើនឡើងខ្ពស់ វានឹងបន្តជម្រុញឱ្យរីករាយសាយរហូតដល់ផ្លូវជាតិលេខ៤ ដែលរំកិលចេញចាប់ពីចំណុចរង្វង់មូលចោមចៅ រហូតដល់ផ្លូវទំនប់កប់ស្រូវ ដែលជាផ្លូវខ្សែក្រវ៉ាត់ក្រុងដ៏មានសារៈសំខាន់ចំពោះការដឹកជញ្ជូន និងពង្រឹងសេដ្ឋកិច្ចជាតិ៕
ប្រភព : www.propertyarea.asia