ភ្នំពេញ: ក្រុមហ៊ុនចិនធំៗចំនួនពីរ បានសហការគ្នាវិនិយោគក្នុងទំហំទឹកប្រាក់សរុបប្រមាណ១០០លានដុល្លារអាមេរិក ក្នុងវិស័យឧស្សាហកម្មសំណង់ និងការអភិវឌ្ឍផ្នែកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា លើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពហុមុខងារ និងការរៀបចំសួនអេកូ រចនាបទអាស៊ីអាគ្នេយ៍។
នៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងទីក្រុងរំដួល និងសម្ពោធការិយាល័យលក់ សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ធ្នូកន្លងមកនេះ លោកLIU FENG អគ្គនាយកក្រុមហ៊ុSRE Groupបានមានប្រសាសន៍ឲ្យដឹងថា ដោយមើលឃើញកម្ពុជា ជាប្រទេសដ៏សំខាន់មួយនៅក្នុងគោលនយោបាយ ខ្សែក្រវ៉ាត់មួយ វិថីមួយទើបសម្រេចដាក់ទុនវិនិយោគនេះ ឡើងលើផ្ទៃដីសរុបទំហំជាង១៦ពាន់ម៉ែត្រក្រឡា។
លោកបន្តថា “គម្រោងទីក្រុងរំដួលនេះ នឹងបង្កប់នូវទ្រឹស្តីសហគមន៍រស់នៅបែបសួនឧទ្យានបៃតងដ៏ធំ និងកម្រមួយនៅក្នុងទីក្រុងភ្នំពេញ ដោយត្រូវបានរចនាឲ្យមានសួនអេកូឡូស៊ី បែបអាស៊ីបូព៌ា និងការច្របាច់បញ្ចូលគ្នាយ៉ាងល្អនូវទេសភាពដើមត្នោត និងទឹកថ្លាឆ្វេង”។ លោកបន្តថា “គំរោងនេះក៏នឹងបង្កើតបានជាសួនឧទ្យានអេកូឡូស៊ី ដ៏ស្រស់សោភាសម្រាប់ជាមោទនភាពនៃទីក្រុងភ្នំពេញ”។
គំរោងនេះវិនិយោគដោយក្រុមហ៊ុនរំដួល អូវើស៊ី និងក្រុមហ៊ុនSRE Group។
អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានមានប្រសាសន៍ថា ព្រឹត្តការណ៍នេះមិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឲ្យឃើញ នូវការចូលរួមអបអរសាទរ និងគាំទ្រចំពោះការវិនិយោគរបស់ក្រុមហ៊ុនបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំឲ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដែលបានខិតខំទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស ពិសេសការខិតខំបង្កើនទំនុកចិត្ត និងជំនឿជាក់ជូនដល់វិនិយោគិន ធុរជន ក្នុងវិស័យអចលនទ្រព្យ ដែលកំពុងបោះជំហានទៅមុខយ៉ាងលឿន។
លោកបន្តថា “ការវិនិយោគគំរោងនេះ ធ្វើឡើងសមស្របទៅនឹងការកើនឡើងនូវចំណូលប្រចាំខែរបស់ប្រជាពលរដ្ឋខ្មែរ និងជាការចូលរួមចំណែកឲ្យមានកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍរាជធានីភ្នំពេញឲ្យកាន់តែស៊ីវីល័យថែមទៀត”៕
ប្រភព : www.propertyarea.asia