ភ្នំពេញ: ការពង្រីកផ្លូវជាតិលេខ៣ពីទំហំបច្ចុប្បន្ន ទៅជាផ្លូវធំនិងមានសួនច្បារចំកណ្តាលបាននិងកំពុងចាប់ផ្តើមហើយ ដែលគម្រោងផ្លូវដ៏សំខាន់នេះនឹងបញ្ចប់នៅចុងឆ្នាំ២០២១ឬលឿនជាងនេះ។
អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២០ ធ្នូកន្លងមកថា សម្តេចតេជោបានអញ្ជើញបើកការដ្ឋានសាងសង់និងពង្រីកផ្លូវនេះរួចហើយ ដែលបច្ចុប្បន្នការដ្ឋានសាងសង់ផ្លូវដ៏សំខាន់នេះបានចាប់ផ្តើមហើយ។លោកបន្តថា ផ្លូវនេះនឹងពង្រីកជាបួនគន្លងចាប់ពីរង្វង់មូលចោមចៅ ដល់តំបន់បាយគូស(ចំណុចផ្លូវបំបែកកំពត កែប)ជាបួនគន្លង ដែលរថយន្តបើកបរពីរទៅពីរមកបាន និងមានសួនច្បារចំកណ្តាល។
លោកបន្តថា “ផ្លូវនេះពង្រីកធំបែបនេះគឺចាប់ផ្តើមពីរាជធានីភ្នំពេញ ទៅដល់តំបន់បាយគូសប៉ុណ្ណោះ និងចាប់ពីតំបន់បាយគូសដល់ក្រុងកំពត គឺគ្រាន់តែពង្រីកទំហំចាប់ពី៩ទៅ១១ម៉ែត្រ”។លោកបន្តថា”ការស្ថាបនាផ្លូវនេះបានចាប់ផ្តើមយ៉ាងរលូន និងជួយសម្រួលការធ្វើចរាចរណ៍ដឹកទំនិញ ក៏ដូចជាសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ”។
ផ្លូវជាតិលេខ៣ មានប្រវែង១៤៨គីឡូម៉ែត្រ និងឆ្លងកាត់រាជធានីភ្នំពេញ ខេត្តក ណ្តាល ខេត្តកំពង់ស្ពឺ តាកែវ និងខេត្តកំពត។
ជាមួយគ្នានេះរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៦នេះ គ្រោងពង្រីកផ្លូវជាតិសំខាន់ៗ ជាច្រើនទៀត ដូចជាផ្លូវជាតិលេខ២ លើកកំពស់ផ្លូវជាតិលេខ៤ និងគ្រោងសាងសង់ផ្លូវថ្មីចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ ទៅកាន់ខេត្តកោះកុង ពង្រីកផ្លូវជាតិលេខ៤៨ ពីស្រែអំបិលទៅកាន់ខេត្តកោះកុង ពិសេសសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុជាដើម៕