ភ្នំពេញ៖ ក្រុងភ្នំពេញនឹងមានកន្លែងដើរកំសាន្ត និងទិញទំនិញលំដាប់អន្តរជាតិជាលើកដំបូង ដែលផ្តល់ឲ្យទីក្រុងនេះ កាន់តែមានភាពរសរវើកនាពេលអនាគតឆាប់ៗនេះ។
TCC នឹងជាមជ្ឈមណ្ឌលលក់ទំនិញ និងផ្សារធំជាងគេនៅរាជធានីភ្នំពេញ ដែលនឹងសាងសង់លើផ្ទៃដី១០ហិកតា និងគ្រោងបោះទូនវិនិយោគ១០០០លានដុល្លារអាមេរិក។គំរោងនេះជាផ្នែកមួយ នៃជំនួយរបស់រដ្ឋាភិបាលចិន ដែលនឹងផ្តល់ប្រាក់២០០០ដុល្លារអាមរិក សម្រាប់ស្តង់ឬតូបលក់ទំនិញមួយ។
ទីតាំងគំរោងនេះស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យោងតាមព៌តមានរបស់ក្រុមហ៊ុននេះបានឲ្យដឹងថា TCC TRIUMPH ជាមជ្ឈមណ្ឌលលក់ទំនិញអន្តរជាតិបោះដុំដ៏ធំបំផុតនៅទូទាំងប្រទេស ហើយក៏ជាមជ្ឈមណ្ឌលទេសចរណ៍ និងកន្លែងកំសាន្តធំជាងគេបំផុតផងដែរ។ វាជាវិថីថ្មើជើងលំដាប់អន្តរជាតិ ដែលមានរចនាបទចំនួន១០ប្លែកពីគ្នានៅតំបន់នេះ ដោយមានវិថីអាហារលំដាប់ពិភពលោក អាចញុំាអាហារមកពីគ្រប់ប្រទេសទាំងអស់ មជ្ឈមណ្ឌលសេវាកម្មទេសចរណ៍ពិភ ពលោក និងជាចំណតតំបូងសម្រាប់ទេសចរណ៍ពិភពលោក ដែលមកកាន់ក្រុងភ្នំពេញ។
TCC TRIUMPH Commercial Center ប្រមូលផ្តុំទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានដូចជា ខុនដូលំដាប់អន្តរជាតិ ការិយាល័យលំដាប់អន្តរជាតិ ផាប់ស្ទ្រីតលំដាប់អន្តរជាតិ២០០០ម៉ែត្រ វិថីសិល្បៈ២០០០ម៉ែត្រ វិថីតារា ឆាកសម្តែងនៅភ្នំពេញជាដើម។
មានប្រសាសន៍ក្នុងពិធីសម្ភោធលក់គំរោងនេះ កាលពីពេលថ្មីៗនេះលោកហ៊ី បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានមានប្រសាសន៍ថា គម្រោងពាណិជ្ជកម្មថ្រាយអ៊ឹម ធ្វើឡើងសមស្របទៅតាមនឹងគោលនយោបាយ ផ្លូវមួយខ្សែក្រវ៉ាតមួយ ដែលរដ្ឋាភិបាលប្រទេសចិនបានលើកឡើង ដែលជាស្ពានតភ្ជាប់មិត្តភាពរវាងប្រទេសចិននិងប្រទេសកម្ពុជា។
លោកបន្តថា “ក្រោយពេលគម្រោងនេះសាងសង់រួចរាល់ វានឹងក្លាយទៅជាមជ្ឈមណ្ឌលបោះដុំទំនិញអន្តរជាតិដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ និងកម្សាន្តជាតិ អន្តរជាតិ។លោកបន្តថា “ទីនេះក៏នឹងក្លាយទៅជាទីក្រុងទេសចណ៍វប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា”៕
ប្រភព : Property area