ភ្នំពេញ៖ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានបានរៀបចំប្លង់គោលនៅស្រុកស្អាង ដើម្បីធានាបាននូវការប្រើប្រាស់ដីសមស្រប និងអភិវឌ្ឍន៍ដោយចីរភាព។
លោកបណ្ឌិត វ៉ាន់ វ៉ាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តកណ្តាល និងជាអ្នកឯកទេសផ្នែកនគរូបនីយកម្មបានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដី និងពង្រាងហេដ្ឋារចនាសម្ព័ន្ឋសាធារណៈកាលពីថ្ងៃទី២៦ កញ្ញាកន្លងមកថា ការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី មានសារៈសំខាន់ណាស់នៅថ្នាក់មូលដ្ឋាន ក្នុងការកាន់កាប់ដីមានសុវត្ថិភាព មានយាមការច្បាស់លាស់ និងការកាន់កាប់ដីធ្លីមិនជាន់គ្នា ពិសេសការកាត់បន្ថយទម្លាស់ព្រំប្រទល់ដីធ្លី ការធានានូវតម្លាភាពកាន់កាប់ដីធ្លី។
លោកបន្តថា ការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី និងពង្រាងផែនការហេដ្ឋារចនាសម្ព័ន្ធសាធារណៈគឺសំដៅទៅលើផ្លូវព្រែក ប្រឡាយ អូរ ស្ទឹង បឹង អាងទឹក តំបន់ការពារ ធ្វើយ៉ាងណាគឺរៀបចំឲ្យបានល្អ ដើម្បីទុកជាកេរតំណែលឲ្យកូនចៅជំនាន់ក្រោយរស់នៅក្នុងភាពស៊ីវីល័យ សមរម្យ ប្រកបដោយបរិស្ថានល្អប្រសើរ សំខាន់ជាងនេះទៀត ស្រុកនឹងអាចធ្វើការប្រឡងប្រណាំងតាមគោលការណ៍របស់ខេត្ត លើការងាររៀបចំប្លង់គោលនេះផងដែរ។
លោកបណ្ឌិត វ៉ាន់ វ៉ាត បានបន្តថា បញ្ហារៀបចំប្លង់គោលដីធ្លីនេះ យើងមានគោលបំណងជំរុញការអភិវឌ្ឍន៍ស្រុកឲ្យកាន់តែប្រសើរឡើង ស្របតាមការផ្តល់អនុសាសន៍របស់ឯកឧត្តមអភិបាលខេត្ត ពិសេសក្រោមការដឹកនាំដ៏ឈ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានជំរុញឲ្យយើងទាំងអស់គ្នាសំរេចតាមគោលដៅក្នុងការអភិវឌ្ឍនសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន សម្រាប់បំរើដល់ការរស់របស់ប្រជាជន និងមានសារៈសំខាន់ណាស់នៅថ្នាក់មូលដ្ឋាន ក្នុងការកាន់កាប់ដីមានសុវត្ថិភាព មានយាមការច្បាស់លាស់ ការកាន់កាប់ដីធ្លីមិនជាន់គ្នា ការជាពិសេសការកាត់បន្ថយទម្លាស់ព្រំប្រទល់ដីធ្លី និងការធានានូវតម្លាភាពកាន់កាប់ដីធ្លីផងដែរ។
អភិបាលស្រុកស្អាង លោក ញឹម វណ្ណឌិនបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការផ្សព្វផ្សាយប្លង់គោល ក្នុងការប្រើប្រាស់ដីឲ្យមានប្រសិទ្ធភាព ពិតជាមានសារៈសំខាន់សម្រាប់ស្រុកទាំងមូល ក្នុងការរៀបចំហេដ្ឋារចនាសម្ពន្ធ័សាធារណៈរួមមាន ផ្លូវ ព្រែក ប្រឡាយ អូរ ស្ទឹង អាងទឹក តំបន់ការពារ និងអភិរក្សផ្សេងៗឲ្យបានល្អប្រសើរ ស្របតាមគោលនយោនាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការក្នុងការប្រតិបត្តិផ្ទាល់អំពីដីធ្លីនេះ។
លោកបន្តថា ដើម្បីពង្រឹងការគ្រប់គ្រង់ដីធ្លីឲ្យមានប្រសិទ្ធ ការៀបចំប្លង់គោលសម្រាប់ស្រុកនៅពេលនេះ គឺជាការវិវត្តថ្មីមួយ ក្នុងការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋ ឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និងគម្រោងបង្កើតឋានសុខដុមនៃការរស់នៅ លំហែកាយ និងការប្រកបការងារផ្សេងៗ ជាពិសេសតាមរយៈការអនុវត្តន៍ប្លង់គោលនេះ អាចកាត់បន្ថយនូវទំនាស់ដីធ្លីផ្សេងៗ ដែលធ្លាប់តែមានបញ្ហាកើតឡើងឥតឈប់ឈរនៅក្នុងមូលដ្ឋាននីមួយ៕
ប្រភព : Property area