ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុន OCIC ដែលជាម្ចាស់គម្រោងទីក្រុងរណបជ្រោយចង្វារ បានធ្វើការសម្ពោធការដ្ឋានចាប់ផ្តើមសាងសង់ស្ពានចំនួន ២ ឆ្លងកាត់ទន្លេសាបពីត្រើយខាងលិចចំណុចក្បែរឃ្លាំងស្តុកសាំងរបស់ក្រុមហ៊ុនសូគីម៉ិច នៅតាមបណ្តោយជាតិលេខ ៥ ឆ្លងទៅត្រើយខាងកើតនៅក្នុងសង្កាត់ព្រែកតាសេក ក្នុងខណ្ឌប្ញស្សីកែវ។
អគ្គនាយករងក្រុមហ៊ុន OCIC បានថ្លែងឱ្យដឹងថា៖ ការសាងសង់ស្ពានទាំងពីរនេះធ្វើឡើងដំណាលគ្នា។ វាមានតួនាទីសំខាន់ក្នុងការសម្រួលចរាចរណ៍នៅតំបន់នេះពិសេសចរាចរណ៍ចូល-ចេញទីក្រុងភ្នំពេញដើម្បីធ្វើយ៉ាងណាកុំឲ្យការធ្វើចរាចរមកប្រមូលផ្តុំតែនៅតំបន់រង្វង់មូលជ្រោយចង្វារ។
ស្ពានទាំងពីរនេះនឹងត្រូវបានសាងសង់ដោយក្រុមហ៊ុន CSCC ដោយស្ពានទី ១ ជាប្រភេទស្ពានដែកបេឡេត៍គ្រោងនឹងចំណាយទឹកប្រាក់ ១០ លានដុល្លារ និងស្ពានទី ២ ជាស្ពានបេតុងគ្រោងនឹងចំណាយទឹកប្រាក់ ៣៥ លានដុល្លារ ដែលជាថវិការដ្ឋបានមកពីការជួលដីនៅតំបន់ជ្រោយចង្វារឲ្យទៅក្រុមហ៊ុន OCIC៕
ប្រភព៖ Post Khmer