ខេត្តកោះកុង៖ ព្រលានយន្តហោះខ្នាតអន្តរជាតិមួយស្ថិតនៅក្នុងខេត្តកោះកុង ដែលគម្រោងបោះទុនមានតម្លៃរហូតដល់ទៅ ៣៥០ លានដុល្លារអាមេរិក បានចាប់ផ្តើម បើកការដ្ឋានសាងសង់ហើយ។
ចំពោះដំណើរការសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិក្នុងទំហំដី ៧៥០ ហិចតានេះ បាននឹងកំពុងចាប់ផ្តើមឈូសឆាយដី ដើម្បីរៀបចំជាការដ្ឋាន ស្ថិតក្នុងដំណាក់កាលដំបូង ។ ព្រលានយន្តហោះនេះស្ថិតនៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង នឹងវិនិយោគដោយក្រុមហ៊ុន Union Development Group ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន។
តាមប្រភពមួយបានបង្ហើបឱ្យដឹងថា ព្រលានយន្តហោះនេះអាចចុះចតយន្តហោះប្រភេទ 4C ជាយន្តហោះខ្នាតមធ្យមបាន ប៉ុន្តែការបញ្ចប់ការសាងសង់ពេលណាមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។
គម្រោងវិនិយោគដ៏ធំមួយរបស់ចិនមួយនេះ ទទួលបានដីសម្បទានពីរដ្ឋាភិបាលចំនួនជាង ៥ ម៉ឺនហិកតា នៅតំបន់នេះ ដែលគ្របដណ្តប់ស្រុកចំនួនពីរគឺស្រុកថ្មបាំង និងស្រុកបទុមសាគរ ក្នុងខេត្តកោះកុង ដែលមិនត្រឹមតែមានព្រលានយន្តហោះ អន្តរជាតិមួយមុខទេ។ គេបានបញ្ជាក់ផងដែរថា គម្រោង Dara Sakor Seashore Resort ក៏ជាផ្នែកមួយនៃការវិនិយោគរបស់ក្រុមហ៊ុន Union Development Group ផងដែរ។
គួរឱ្យដឹងផងដែរថាតំបន់ដែលសាងសង់ព្រលានយន្តហោះអន្តរជាតិមួយនេះ ជាតំបន់ភ្ជាប់រវាងខេត្តត្រាត និងខេត្តច័ន្ទបុរី របស់ប្រទេសថៃ ជាមួយនឹងខេត្តកោះកុង ប្រទេសកម្ពុជា ដែលជាការភ្ជាប់គ្នាលើការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មដ៏ល្អផងដែរ ៕
ប្រភព៖ Post Khmer