ភ្នំពេញ៖ យើងសង្កេតឃើញថា តម្លៃដីនៅតាមបណ្តាយផ្លូវជាតិលេខ ១ នៅតែបន្ត កើនឡើងឥតឈប់ឈរ។ ការស្ថាបនាបញ្ចប់ផ្លូវជាតិលេខ ១ មិនមែនជាហេតុផលចម្បងតែមួយ ដែលធ្វើឱ្យដីឡើងថ្លៃទេ ប៉ុន្តែកំណើននៃតម្រូវការ ស្ថានភាពភូមិសាស្ត្រ និងការកើនឡើងនូវតំបន់ឧស្សាហកម្ម និងលំនៅឋានជាហេតុផលចម្បងធ្វើឲ្យតម្លៃដីនៅតាមបណ្តោយផ្លូវជាតិដ៏សំខាន់នេះបន្តកើនឡើងបន្ថែមទៀត។
ការប្រមូលទិញដីនៅតំបន់នេះ ភាគច្រើនអ្នកទិញ ទុកសាងសង់បុរី រោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេស។ ដីនៅតាមបណ្តោយផ្លូវនេះមានតម្លៃខុសៗគ្នាអាស្រ័យលើទីតាំង ដោយគិតចាប់ពីស្ពានព្រះមុនីវង្សដល់បុរី ប៉េង ហួត ដីមានតម្លៃចាប់ពី ៨៥០ ទៅ ១៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ផ្លូវតូចៗខាងក្នុងមានតម្លៃ ៣០០ ទៅ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ចាប់ពីបុរី ប៉េង ហួត ដល់រោងចក្រថៃហ្គ័រមានតម្លៃចាប់ពី ២៥០ ដល់ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ គិតពីច្រកចូលរោងចក្រថៃហ្គ័រដល់តំបន់កៀនស្វាយមានតម្លៃចាប់ពី ១០០ ទៅ ២០០ ដុល្លារអាមេរិកក្នុង ១ ម៉ែត្រការ៉េ និងពីតំបន់កៀនស្វាយដល់តំបន់អ្នកលឿនមានតម្លៃចន្លោះពី ២០ ដល់ ៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េ គឺអាស្រ័យលើទីតាំង និងទំហំដី។
តាមការប៉ាន់ស្មាន អនាគតដីនៅតាមបណ្តោយផ្លូវនេះនឹងកាន់តែមានសក្តានុពលដោយសារផ្លូវជាតិលេខ ១ ជាច្រករបៀងភ្ជាប់ភាគខាងត្បូងអាស៊ាន និងតភ្ជាប់ផ្លូវសូត្របស់ចិន។ ប៉ុន្តែប្រសិនជាដីឡើងថ្លៃខ្ពស់ពេក ក៏វាប៉ះពាល់ដល់ការអភិវឌ្ឍ និងសកម្មភាពវិនិយោគផងដែរ៕
ប្រភព៖ Post Khmer