ប្រទេសថៃ៖ អគារទំនើបនិងប្លែកបំផុត ស្ថិតនៅកណ្ដាលទីក្រុងបាងកកមានឈ្មោះថា មហានគរ (MahanaKorn) ជាអគារដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសថៃ ត្រូវបានរចនាម៉ូដឡើងដោយស្ថាបត្យករជនជាតិអាល្លឺម៉ង់ គឺលោក Ole Scheeren។
រចនាបទរបស់អគារនៅប្រទេសថៃមួយនេះ គឺពិតជាភាពស្រស់ស្អាត ទាក់ទាញ និងខុសប្លែកពីអគារខ្ពស់ៗផ្សេងៗទៀតនៅបណ្ដាប្រទេសអភិវឌ្ឍន៍ ដោយសារតែលោក Scheeren លេងម៉ូដខុសពីគេ ដែលមើលទៅដូចជាអគារដែលមិនទាន់សាងសង់រួច។ លោកត្រូវបានសារព័ត៌មាន CNN ដកស្រង់ថា លោកមិនចង់សាងសង់អគារណា ដែលមើលទៅមានរូបរាងប្រហាក់ប្រហែលគ្នាស្ទើរតែគ្រប់ទីកន្លែង នៅក្នុងពិភពលោកយើងនេះទេ ។ លោកចង់បានអ្វីដែលប្លែក ហើយថ្មី ។
គួរឱ្យដឹងផងដែរថា អគារដែលមានកម្ពស់ ៣១៤ម៉ែត្រនេះ ត្រូវបានសម្ពោធតាំងពីខែសីហា ឆ្នាំ២០១៦មកម្ល៉េះ។ ហើយតម្លៃនៃគម្រោងសាងសង់អគារនេះទាំងមូល មានចំនួនប្រមាណ ៦២០លានដុល្លារសហរដ្ឋអាមេរិក ដែលមានទាំង Apartment សណ្ឋាគារ និងក្រុមហ៊ុនឬហាងលក់ទំនិញនានាក្នុងអគារតែមួយ ៕
ប្រភព៖CNN