ភ្នំពេញ៖ ការប្រើប្រាស់កម្ចីឥណទានរបស់ធនាគារសម្រាប់ទិញលំនៅឋាន កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឲ្យវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង។
អគ្គនាយកក្រុមហ៊ុន Century 21 VTrust លោក ច្រឹក សុខនីម បានថ្លែងថា ការប្រើប្រាស់ប្រាក់កម្ចីពីធនាគារដើម្បីទិញលំនៅឋាន បានរួមចំណែកយ៉ាងធំធេងក្នុងវិស័យអចលនទ្រព្យ ដោយអ្នកប្រើប្រាស់អាចយកប្រាក់កម្ចីទៅទិញលំនៅឋានផ្ទាល់ខ្លួនបាន ខណៈកំណើនប្រជាជនដែលមានប្រាក់ចំណូលមធ្យមកំពុងកើនឡើង ។
លោក ប៉ូ អ៊ាវគង់ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អេស៊ា រៀលអេស្ទេត បានប្រាប់ថា ការប្រើប្រាស់ឥណទានលំនៅឋានរបស់ធនាគារ គឺជាកម្លាំងចលករដ៏ខ្លាំងក្នុងវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ច ព្រោះវាធ្វើឲ្យចរន្តសាច់ប្រាក់មានចលនាក្នុងទីផ្សារដែលធ្វើឱ្យវិស័យអចលនទ្រព្យមានកំណើន ហើយជួយបង្កើតការងារក្នុងវិស័យអចលនទ្រព្យ និងវិស័យសំណង់ទៀតផង។
ទោះបីយ៉ាងណានាយកគ្រប់គ្រងទូទៅក្រុមហ៊ុនខាងលើបានព្រមានដែរថា អ្នកប្រើប្រាស់កម្ចីនេះត្រូវតែមានគោលដៅច្បាស់លាស់ ខណៈការគ្រប់គ្រងរបស់ប្រព័ន្ធធនាគារក៏ត្រូវមានភាពច្បាស់លាស់ផងដែរ ដើម្បីបង្ការកុំមានវិបត្តិកើតឡើង។
ប្រភព៖ PostKhmer