
ភ្នំពេញ៖ គម្រោងវិនិយោគចំនួន១៧២ ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ វិនិយោគិនចិនឈរលេខរៀងទី១ កម្ពុជាលេខ២ ខណៈ សិង្ហបុរីលេខ៣។
ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៦គម្រោង ខណៈ ទុនវិនិយោគមានការកើនឡើងជាង ៣០៥លានដុល្លារ ស្មើនឹងប្រមាណ ១៤% ធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២៤។ បើតាមការបញ្ជាក់ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងចំណោម គម្រោងវិនិយោគសរុបចំនួន១៧២ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៩៩គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង។
ក្នុងខែមីនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦០គម្រោង ក្នុងទុនវិនិយោគប្រមាណ ១,៤ពាន់លានដុល្លារ និងអាចបង្កើតការងារបានជិត ៥ម៉ឺនកន្លែង ក្នុងនោះ គម្រោងពង្រីកផលិតកម្មមានចំនួន ២គម្រោង។
តាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ទៀតថា ប្រភពទុនវិនិយោគឈានមុខ វិនិយោគិនចិនបានឈរលើគេគ្របដណ្ដប់ ៥៦,២៣% កម្ពុជា៣,៤០% សិង្ហបុរី២,៩១% កោះ British Virgin២,៤០% វៀតណាម១,៦៥% កោះ Cayman០,៩៨ អង់គ្លេស០,៥៥ កោះ Samoa០,២៥១ សហរដ្ឋអាម៉េរិក០,១៨ និងកាណាដា០,១៥%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)