Register Already an agent ? Login

សម្តេចមធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ ជាស្ពានអាកាសពីរជាន់ដំបូងគេនៅកម្ពុជា តម្លៃជិត៣៧លានដុល្លារ

ភ្នពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត​ និងលោកជំទាវបណ្ឌិត បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស "មរតកតេជោ" ជាស្ពានអាកាសពីរជាន់ដំបូងគេនៅប្រទេសកម្ពុជា មានតម្លៃជិត ៣៧លានដុល្លារ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។

ស្ពានអាកាសមរតកតេជោ ជាស្ពានប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន។

សមិទ្ធផលថ្មី “ស្ពានអាកាសមរតកតេជោ” នឹងអាចដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍នៅនឹងកន្លែង និងដើរតួជាចំណុចតភ្ជាប់វិស័យដឹកជញ្ជូន និង ប្រព័ន្ធឡូជីស្ទីក នៃភាគខាងត្បូងរាជធានីភ្នំពេញ ។

រាជរដ្ឋាភិបាល បានគិតគូរយ៉ាងហ្មត់ចត់ នូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូន ទាំងតាមផ្លូវអាកាស ផ្លូវគោក និង តាមផ្លូវទឹក ឱ្យមានភាពប្រទាក់ក្រឡា ដើម្បីគាំទ្រ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។

ស្ពានអាកាសមរតកតេជោ នឹងជួយកាត់បន្ថយការចំណាយពេលវេលា ក្នុងការធ្វើដំណើរ សម្រួលលំហូរចរាចរធ្វើឱ្យប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើ ដំណើរទៅមក ពិសេសពេលមានបុណ្យទានធំៗមានបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ បុណ្យអុំទូកជាដើម។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ រៀបចំដីប្រមាណ ៧០ហិកតា ដែលបានត្រៀមនៅតំបន់ទំនប់កប់ស្រូវ ដើម្បីធ្វើសួនសាធារណៈជូនប្រជាពលរដ្ឋទៅលេងកម្សាន្ដ និងសម្រាកលំហែនៅថ្ងៃខាងមុខ។

សម្ដេចធិបតី បានថ្លែងបន្តថា ដើម្បីឆ្លើយតបជាមួយផែនការអភិវឌ្ឍសួនសាធារណៈនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិងកំពុងបណ្ដុះកូនឈើរាប់ពាន់ដើម ដើម្បីត្រៀមដាំនៅសួនសាធារណៈដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ ព្រោះថ្ងៃខាងមុខកណ្ដាលក្រុងធំៗ ត្រូវតែមានទីធ្លាសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋ។

បើតាមប្រសាសន៍ របស់សម្ដេចនាយករដ្ឋមន្ដ្រី ក្រៅពីរាជធានីភ្នំពេញដែលបានត្រៀមដីសម្រាប់ធ្វើសួនសាធារណៈបម្រើឱ្យផលប្រយោជន៍រួមនោះ តាមបណ្ដាខេត្តផ្សេងៗ ក៏ត្រូវអនុវត្តបែបនេះដូចគ្នាដែរ ពោលបច្ចុប្បន្នខេត្តកែប កំពុងអភិវឌ្ឍន៍ចាក់ខ្សាច់បំពេញនៅតាមតំបន់ឆ្នេរ ដើម្បីកែលម្អសោភ័ណភាពឱ្យកាន់តែស្អាត សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិបន្ថែមទៀត។

គូសបញ្ជាក់ថា ក្រៅពីបញ្ហាសួនសាធារណៈសម្រាប់ពលរដ្ឋសម្រាកលំហែកាយហើយនោះ សម្ដេចធិបតី ក៏បានណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ គិតគូរពីការរៀបចំប្រព័ន្ធផ្លូវសាធារណៈ ដើម្បីកែសម្រួលរំហូរចរាចរណ៍ក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើង និងកាត់បន្ថយការកកស្ទះចរាចរណ៍។

ការអភិវឌ្ឍប្រទេស ការកសាងសមិទ្ធផល និងភាពប្រែប្រួលប្រកបដោយចីរភាព គឺត្រូវកសាងជំនាញ​ពីបរទេស​ដែលមកជួយ ហើយត្រូវបណ្តុះបណ្តាលធនធានមនុស្សខាងក្នុង ដើម្បី​អាចមាន​សមត្ថភាព​ដែលជារបស់យើង ហើយមានលទ្ធភាពធ្វើការដោយខ្លួនឯង ប្រកបដោយភាពម្ចាស់ការខ្ពស់ ដោយមិនពឹង​ដង្ហើមគេដក។ ជាការគូសបញ្ជាក់ សម្ដេចធិបតី បន្តថាជាឧទាហរណ៍ អគារវិមានសន្តិភាព គឺឈ្មោះបញ្ជាក់អំពីសន្តិភាព​ដែលយើងចង់បាន ត្រូវថែរក្សា និងការពារឱ្យបាន ជាពិសេសកសាង​ដោយ​កូនខ្មែរសុទ្ធសាទ ទាំងស្ថាបត្យកម្ម និងសំណង់។

រាជរដ្ឋាភិបាល បានណែនាំឱ្យសិក្សារៀបចំផ្លូវបន្ថែម ទាំងអាកាស ក្រោមដី ហើយឈាន​ទៅក្រោមទឹក ដោយសម្តេចធិបតី បញ្ជាក់ថា យើងមិនដើរថយក្រោយនោះទេ គឺយើងមានបុរេសកម្ម ដោយគ្រោងធ្វើស្ពានតភ្ជាប់មុននឹងទីក្រុងរីក ឬ​ មានកំណើននៃការរស់នៅ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)