Register Already an agent ? Login

វិស័យកសិកម្ម រួមចំណែកជាង១៦% នៃផលិតផលសរុបក្នុងស្រុក គិតជាទឹកប្រាក់ជាង ៧,៨២ពាន់លានដុល្លារ ២០២៤

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក គិតជាតម្លៃបច្ចុប្បន្នជាមួយនឹងតម្លៃបន្ថែមសរុប កើនឡើងដល់ជាង ៧,៨២ពាន់លានដុល្លារ។ បើតាមការថ្លែង លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តាមការថ្លែង លោក ឌិត ទីណា ក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា និងកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។

លោករដ្ឋមន្រ្តី បានថ្លែងបន្តថា ក្នុងនោះ ការរួមចំណែករបស់អនុវិស័យដំណាំស្មើនឹង ៦១,៣%, អនុវិស័យផលិតកម្មសត្វ ១៥,៤%, អនុវិស័យជលផល ២០% និងអនុវិស័យព្រៃឈើ ៣,៣%។

កម្ពុជា បាននាំចេញនូវផលិតផលដំណាំជាង ១២លានតោន ទៅកាន់ទិសដៅ ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារ។ ជាការថ្លែងបន្តទៀត លោករដ្ឋមន្រ្តី។

លោក បានបន្ថែមថា តាមការកត់សម្គាល់វិស័យកសិកម្មកម្ពុជាបានសម្រេចបានលទ្ធផលគួរជាទីមោទន និងបានប្រែក្លាយពីស្ថានភាពខ្វះស្បៀង មកជាការធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ក្នុងប្រទេស និងការនាំចេញផលិតផល កសិកម្មរាប់លានតោន ដែលរួមចំណែកយ៉ាងសំខាន់ដល់ការធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង។

ទោះបី ជាវិស័យកសិកម្មបានទទួលបានលទ្ធផលល្អយ៉ាងណាក្តី លោក បានបញ្ជាក់ថា វិស័យនេះជួបបញ្ហាប្រឈមមួយចំនួនដូចជា អស្ថិរភាពនៃប្រព័ន្ធផលិតកម្ម កង្វះទីផ្សារ អស្ថិរភាពតម្លៃ និងកង្វះវិនិយោគលើការកែច្នៃជាដើម។ល។ ដែលទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ និងរួមគ្នាដោះស្រាយ តាមយន្តការ “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម” ដើម្បីជំរុញ និងបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)