
ខេត្តឧត្ដរមានជ័យ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តឧត្ដរមានជ័យជាខេត្តទី១៩ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ ខណៈ ខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន ស្មើនឹង ៩២% និងខ្នងផ្ទះប្រើបង្គន់រួម ស្មើនឹង ៨%។
លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តមានជ័យ បានថ្លែងក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តឧត្ដរមានជ័យ ODF ពីស្ថានភាពអនាម័យ មាន ៥ក្រុង ស្រុក ១៤ឃុំ ៥សង្កាត់ និង៣០៨ភូមិ ប្រជាពលរដ្ឋតាមខ្នងផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន គិតជាភាគរយស្មើនឹង ៩២% និងខ្នងផ្ទះដែលប្រើបង្គន់រួមគិតជាភាគរយស្មើនឹង ៨%។

ស្ថានភាពប្រតិបត្តិអនាម័យរបស់ប្រជាពលរដ្ឋនៅទូទាំង ខេត្តឧត្ដរមានជ័យ សម្រេចបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ១០០%។ ជាការញ្ជាក់ លោក ឃិន ញ៉ាណ។

នាពិធីខាងលើ លោក ឆាយ ឫទ្ធិសែន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តឧត្ដរមានជ័យសម្រេចបានលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ការផ្លាស់ប្ដូរទម្លាប់ និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ។

លោករដ្ឋមន្រ្តី បានបន្តថា តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកស្អាតជួយទ្រទ្រង់សុខភាព, ផ្លាស់ប្ដូរពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅប្រកបដោយបរិស្ថានល្អ មានភាពស៊ីវិល័យ។

នាឱកាសនោះ លោក បានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តរក្សាលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេស គឺរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus នាពេលដ៏ខ្លីខាងមុខ។

ពាក់ព័ន្ធនឹងកម្មវិធីទឹកស្អាត និងអនាម័យ លោក បានបញ្ជាក់ថា ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ បច្ចុប្បន្នសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៩,៩០% ក្នុងនោះ អត្រាគ្របដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋាន ៨៧,៤០% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩២,៤០% ហើយបានកំណត់ថានៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព៕
ដោយ៖ មឿន ឌីណា (Moeun Dyna)