
ភ្នំពេញ៖ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានប្រមាណ៩៥% នឹងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនាខែកក្កដាខាងមុខនេះ ខណៈ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដាក់ក្ដីរំពឹងថា ឆ្នាំ២០២៥នេះ កម្ពុជានឹងទទួលបានភ្ញៀវអន្ដរជាតិកើនពី ៧.២លាននាក់ ទៅ៧.៥លាននាក់ បន្ទាប់ពីដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិនេះ។
តាមការរំពឹងភ្ញៀវអន្ដរជាតិកើននេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមហ៊ុនឯកជនសរុបចំនួនជាង ១០០នាក់ ចុះទស្សនានិងពិនិត្យវឌ្ឍនភាពព្រលានយន្តហោះអន្តរជាតិតេជោ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
តាមការលើកឡើង លោក ហួត ហាក់ ចុះទស្សនានិងពិនិត្យវឌ្ឍនភាពនៃគម្រោងនេះ ថា កំណើនភ្ញៀវទេសចរអន្តរជាតិ បាននឹងកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ តួយ៉ាងចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០២៤ មានការកើនឡើង២៣% ធៀបនឹងឆ្នាំ២០២៣ ពោលឈានដល់ ៦លាន៧សែននាក់ ខណៈ នៅឆ្នាំ២០២៥នេះ រំពឹងថានឹងបន្តកើនឡើងឈានដល់ ៧លាន២សែននាក់ ទៅដល់ ៧លាន៥សែននាក់។
បន្ទាប់ពីព្រលានយន្ដហោះលំដាប់អន្ដរជាតិថ្មីនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងខែកក្កដា ខាងមុខនេះ គឺរំពឹងថា ភ្ញៀវទេសចរអន្ដរជាតិ នឹងមកទស្សនានៅក្នុងប្រទេសកម្ពុជាបានកាន់តែច្រើន។ ជាការបន្ត លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចការសាងសង់ប្រមាណ ៩៥% នឹងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនាខែកក្កដាខាងមុខនេះ។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា ជាព្រលានយន្តហោះលំដាប់ 4F អាចធ្វើឱ្យយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕
ដោយ៖ មឿន ឌីណា (Moeun Dyna)