
ភ្នំពេញ៖ រយៈពេល ២ខែដើមឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលពីការនាំចេញឈើកៅស៊ូបានចំនួន ៩៦៨.៥៣០ ដុល្លារ ខណៈ ការនាំចេញជ័រកៅស៊ូជាង ១០៥.១២លានដុល្លារ។ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តម្លៃកៅស៊ូនៅដើមឆ្នាំ២០២៥នេះ មានភាពល្អប្រសើរ តម្លៃ ១ ៩២៦ដុល្លារក្នុងមួយតោន កើនឡើង ៤៧៥ដុល្លារក្នុងមួយតោន ឬ ៣២,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ខណៈ តម្លៃឈើកៅស៊ូជាមធ្យមក្នុងរង្វង់ ៣៣០ដុល្លារក្នុងមួយម៉ែត្រគូប។ បើតាមរបាយការណ៍ អគ្គនាយកដ្ឋានកៅស៊ូដដែល។
នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ តម្លៃកៅស៊ូលក់ជាមធ្យម ១ ៩០៧ដុល្លារក្នុងមួយតោន ធ្លាក់ចុះ ២៦ដុល្លារក្នុងមួយតោន (១,៣៤%) ធៀបនឹងខែមករា ឆ្នាំ២០២៥។ បើតាម លោក ឃុន កក្កដា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូ។
លោក បានបន្តថា អគ្គនាយកដ្ឋាននឹងបន្តធ្វើការដើម្បីសម្រេចបាននូវគោលដៅដែលបានគ្រោងទុក និងផ្តល់លទ្ធផលវិជ្ជមាន បន្តសហការជាមួយសមាគមកៅស៊ូជាតិ និងអន្តរជាតិលើគំនិតផ្តួចផ្តើមស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងឧស្សាហកម្មកៅស៊ូ។ រក្សាកិច្ចសហប្រតិបត្តិការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុនចម្ការកៅស៊ូ ចម្ការកៅស៊ូជាលក្ខណៈគ្រួសារ រោងចក្រកែច្នៃ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីកែលម្អបច្ចេកទេសដាំដុះកៅស៊ូ និងបង្កើនការប្រមូលទិន្នន័យ។
បច្ចុប្បន្ន កម្ពុជាមានរោងចក្រ និងរោងសិប្បកម្មកែច្នៃកៅស៊ូ និងឈើកៅស៊ូចំនួន១៧៩ កើនចំនួន៦ ធៀបនឹងឆ្នាំ២០២៣។ បើតាមការលើកឡើង ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តថា ឧស្សាហកម្មកៅស៊ូបានបង្កើតការងារចំនួន ១៤ម៉ឺនកន្លែង និងបានគាំទ្រដល់សុខុមាលភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋចំនួន ៤២ម៉ឺនគ្រួសារ ខណៈ រោងចក្រផលិតសម្បកកង់រថយន្តខ្នាតធំមានចំនួន ៣កំពុងដំណើរការ និងរង់ចាំទទួលទិញជ័រកៅស៊ូក្នុងស្រុក ស្ថិតនៅក្នុងខេត្តស្វាយរៀង ក្រចេះ និងក្រុងព្រះសីហនុ។
គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាផ្ទៃដីដាំកៅស៊ូសរុបរបស់កម្ពុជាមានទំហំ ៤២៥,៤៤៣ហិកតា ក្នុងនោះ ៣៣០,២៥៩ហិកតា (៧៨%) កំពុងប្រមូលផល ខណៈ ចំនួន ៩៥,១៨៤ហិកតា (២២%) កំពុងស្ថិតក្នុងដំណាក់កាលដាំដុះ។ ផ្ទៃដីកៅស៊ូកសិឧស្សាហកម្ម ២២៦ ៨៤០ហិកតា ស្មើ៥៥% និងផ្ទៃដីកៅស៊ូគ្រួសារ ១៨០ ៣៣២ហិកតា ស្មើនឹង៤៤%។
គួររម្លឹកថា កាលពីឆ្នាំ២០២៤ ប្រាក់ចំណូលពីការនាំចេញផលិតផលកៅស៊ូចំនួន ៦៧១,៧លានដុល្លារ កើនជាង១៥០លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣។ ចំណែក រោងចក្រផលិតសំបកកង់ក្នុងស្រុកចំនួន៣ បានកែច្នៃកៅស៊ូផលិតក្នុងស្រុកចំនួន ៥៨,០០០តោន មានតម្លៃប្រមាណ ៩៦,៤លានដុល្លារ កើនជាង ៥០លានដុល្លារពីឆ្នាំ២០២៣៕
ដោយ៖ មឿន ឌីណា (Moeun Dyna)