Register Already an agent ? Login

ក្រុមការងារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ចុះពិនិត្យសិក្សាលម្អិតទីតាំងសាងសង់ស្ពាន ខណៈ មានគោលដៅ ៣ទីតាំង

ភ្នំពេញ៖ ក្រុមការងារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ចុះពិនិត្យសិក្សាលម្អិតទីតាំងសាងសង់ស្ពាន ខណៈ មានគោលដៅចំនួន ៣ទីតាំង ដែលអាចធ្វើទៅបាន និងកាត់បន្ថយផលប៉ះពាល់នៃគម្រោងនេះ។

លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ចុះពិនិត្យសិក្សាលម្អិតទីតាំងសាងសង់ស្ពាន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

តាមការចុះពិនិត្យនេះ ក៏មានការចូលរួមពីសមាជិកក្រុមការងារគ្រប់គ្រងគម្រោង តំណាងក្រុមការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសាលារាជធានី និងមន្ទីរសាធារណការរាជធានីភ្នំពេញ តំណាងសាលាខេត្ត និងមន្ទីរសាធារណការខេត្តកណ្តាល តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េប្រចាំនៅកម្ពុជា។

បើតាម ក្រសួងសាធារណការ និងដឹកជញ្ជូន ការចុះពិនិត្យនេះ ដើម្បីប្រមូលធាតុចូលបន្ថែម សំដៅឱ្យការសិក្សាលម្អិតផ្តល់នូវលទ្ធផលដែលអាចធ្វើទៅបាន និងកាត់បន្ថយផលប៉ះពាល់ឱ្យបានទាបបំផុត។

ក្នុងនោះ ក្រុមការងារបានចុះពិនិត្យគោលដៅចំនួន ៣ទីតាំង រួមមាន៖ ១-ទីតាំងឡើងចុះស្ពានប៉ែកភ្នំពេញ ត្រង់ចំណុចប្រសព្វវិថីព្រះអង្គអេង ២-ចំណុចប្រសព្វវិថីទន្លេមេគង្គ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ និង ៣-ចំណុចបញ្ចប់ស្ពាន ស្ថិតក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

គួររម្លឹកថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ តាមការណែនាំ លោក សូរ វ៉ិចទ័រ លោក ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារបច្ចេកទេសអង្គភាពគ្រប់គ្រងគម្រោង រួមជាមួយក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV បានចុះពិនិត្យការដ្ឋានរួមគ្នាដើម្បីពិនិត្យ និងចង្អុលបង្ហាញបណ្តាញបញ្ជូនថាមពលអគ្គិសនីក្រោមដីដែលមានបច្ចុប្បន្ន ដោយរងប៉ះពាល់ដោយសារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។

នៅត្រើយខាងកើត អាចនឹងមានការប៉ះពាល់ទៅបណ្តាញខ្សែក្រោមដី ឬបង្គោលបណ្តាញអគ្គិសនីរបស់សេវាករ ដែលធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ស្ថិតក្រោមការរគ្រប់គ្រង និងផ្តល់អាជ្ញាបណ្ណដោយអាជ្ញាធរអគ្គិសនីកម្ពុជា។

ដើម្បីឱ្យការសិក្សាមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទាន់តាមផែនការគ្រោងទុក ក្រសួងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបន្តសហការជាមួយអគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា និងសេវាករ ដែលធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីសិក្សាលម្អិតបន្ថែមទៀតផ្នែកវិស្វកម្មគំនូសប្លង់បច្ចេកទេសពាក់ព័ន្ធបណ្តាញដែលប៉ះពាល់សសរគ្រឹះស្ពាន ដើម្បីធានាថាពេលអនុវត្តគម្រោងមិនខូចខាត ឬដាច់ខ្សែបណ្តាញចរន្តអគ្គិសនីជាយថាហេតុ។

គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលម្អិត ជាគម្រោងទទួលបានហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានទីតាំងស្ថិតនៅផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្រ (ភ្នំពេញ-ក្រុងអរិយក្សត្រ ខេត្តកណ្ដាល)។

គម្រោងនេះ ជាប្រភេទស្ពានខ្សែកាប សសរមេមានទម្រង់ជាដៃប្រណម (សំពះ) មានចំនួន២ ឆ្លងទន្លេសាបប្រវែង ១ ០៧០ម ទន្លេមេគង្គប្រវែង ១ ២៦២ម មានទទឹងស្ពាន ២៦,៥ម និងផ្លូវតភ្ជាប់ប្រវែង១១៧៤.៩ម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)