Register Already an agent ? Login

ការនាំចេញ-នាំចូលទំនិញកម្ពុជាជាមួយដៃគូពាណិជ្ជកម្ម ទឹកប្រាក់សរុបជាង៩,៤ពាន់លានដុល្លារ ចិនគ្របដណ្តប់ជិត ៣០%

ភ្នំពេញ៖ រយៈពេល ២ខែដើមឆ្នាំ២០២៥ ការនាំចេញ-នាំចូល ទំនិញរបស់កម្ពុជាជាមួយដៃគូពាណិជ្ជកម្មទាំងអស់ មានទឹកសរុបប្រាក់ជាង ៩,៤ពាន់លានដុល្លារ។ បើតាមអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទឹកប្រាក់នៃពាណិជ្ជកម្មទ្វេភាគីជាមួយចិន បានគ្របដណ្តប់ជិត ៣០%នៃចំនួនទឹកប្រាក់សរុប។

ការធ្វើពាណិជ្ជកម្មកម្ពុជា-ចិន មានទំហំទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារ រយៈពេល ៧ខែដើមឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣ កើនឡើងជិត ២%។ បើតាមការរម្លឹក អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រទេសចិនបានបន្តឈរមុខគេក្នុងនាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា មានទឹកប្រាក់ សរុប ២ ៦៦២,៧៣លានដុល្លារ កើនឡើង ២១,១%។

របាយការណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីឆ្នាំ២០១៩ ដល់ចុងខែ មិថុនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផល ទៅប្រទេសចិន ដូចជា ចេកស្រស់ អង្ករ ដំឡូងមីស្ងួត កាកដំឡូងមី ម្សៅ ដំឡូងមី ស្វាយស្ងួត ស្វាយស្រស់ គ្រាប់ស្វាយចន្ទី និង ម្សៅកាកាវ មានបរិមាណសរុប ២,៤លានតោន ស្មើ នឹង ១ ៩៤២លានដុល្លារ។

ទន្ទឹមនេះ កសិផលកម្ពុជាចំនួន ៦៨៩,៧០២តោន ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិនក្នុងអំឡុងខែមករាដល់ខែវិច្ឆិកាកាលពីឆ្នាំ២០២២។

កាលពីឆមាសទី១ ឆ្នាំ២០២៤ ប្រទេសចិនបានបញ្ជាទិញ ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន ពីកម្ពុជា ខណ: ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញរួមមាន អង្ករ ចេក ស្វាយ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ម្រេច និងថ្នាំជក់។

គួរបញ្ជាក់ថា ថ្មីៗនេះក្រុមហ៊ុនរដ្ឋចិនមួយបានចុះកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួតពីកម្ពុជា ដោយបាននាំចូលទៅកាន់ទីផ្សារចិនជាលើកដំបូង នូវដំឡូងមីស្ងួតចំនួន ៥០០០តោន និងត្រៀមនាំចូល ២០០០០០តោនបន្ថែមទៀត សម្រាប់ឆ្នាំ២០២៥-២០២៦ខាងមុខនេះ។

កាលពីឆ្នាំ២០១៩ ផលិតផលកសិកម្មទាំង៦ប្រភេទ ត្រូវនាំចូលទីផ្សារចិន រួមមាន៖ ផ្លែសា្វយស្រស់ ផ្លែមៀនប៉ៃលិន  ម្រេច  ផ្លែស្រការនាគ  ដូងក្រអូប និងទឹកមាត់ត្រចៀកកាំ។ បើតាម ក្រសួងកសិកម្ម បានបន្តថា មុននឹងនាំចេញទំនិញទាំងនោះទៅប្រទេសចិនបាន លុះត្រាម្ចាស់រោងចក្រ និងកសិដ្ឋានត្រូវកែច្នៃ វេចខ្ចប់ ផលិតផលកសិកម្ម រួមទាំងបំពេញលក្ខខណ្ឌអនាម័យ និងបទដ្ឋានសុវត្ថិភាពម្ហូបអាហារ ដែលមានចែងក្នុងច្បាប់របស់ចិនជាមុនសិន។

បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម ឆ្នាំ២០២៤ ផលិតកម្មដំណាំសរុប ១១.៦៦តោន ឬ ៣០% ត្រូវបាននាំចេញទៅក្រៅប្រទេស ដោយរកចំណូលបាន ៤ ៧៩២លានដុល្លារ កើន ១៤៣លានដុល្លារ បើធៀបឆ្នាំ២០២៣។ មុខទំនិញកសិកម្មសំខាន់ៗដែលបាននាំចេញ មានដូចជា៖ ស្រូវ អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ចំណិតដំឡូងមីក្រៀម ផ្លែមៀនស្រស់ និងកសិផលជាង ៧៧មុខផ្សេងទៀតផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)