Register Already an agent ? Login

អភិបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដដាក់ពាក្យស្នើសុំដីសម្បទានពីរាជរដ្ឋាភិបាល

បាត់ដំបង៖ លោក សុខ លូ អភិបាល អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដទៅដាក់ពាក្យស្នើសុំដីសម្បទានពីរាជរដ្ឋាភិបាល តាមរយៈគោលនយោបាយកម្មវិធីផ្តល់ដីការពារព្រៃរដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព និងត្រូវចៀសវាងការចូលទន្រ្ទានកាន់កាប់ដីព្រៃ និងរំលោភលើដីចំណីផ្លូវជាដើម។

តាមការអំពាវនាវខាងលើ លោក សុខ លូ បានអញ្ជើញជាធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅក្នុងភូមិបឹងបី និងភូមិព្រែកអាំ ឃុំរបស់មង្គល ស្រុកមោងឫស្សី នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥

លោក សុខ លូ បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្តីបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការវាស់វែង និងចេញប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រួចរាល់ដើម្បីឈានទៅបញ្ចប់បញ្ហាទំនាស់ដីធ្លី។

នាឱកាសនោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់ប្រជាពលរដ្ឋត្រូវរក្សាដីធ្លីដែលទទួលបានកម្មសិទ្ធិនេះឱ្យបានល្អ កុំលក់ដូរប្រសិនបើមិនមានការចាំបាច់ ដើម្បីទុកសម្រាប់ប្រើប្រាស់បង្កបង្កើនផល និងចែកជូនដល់កូនចៅជំនាន់នាន់ក្រោយក៏ដូចជារក្សាលំនឹងជីវភាពរស់នៅប្រចាំថ្ងៃ ខណៈ ដីធ្លីពិតជាសំខាន់ខ្លាំងណាស់ព្រោះមនុស្សមានកំណើនឡើងជាបន្តបន្ទាប់ ប៉ុន្តែដីធ្លីមិនកើននោះទេ។

នាពីធីនេះដែរ តាមរយៈរបាយការណ៍ លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង បានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីនៅក្នុងខេត្តបាត់ដំបងបានរៀបចំក្រុមចុះបញ្ជីចំនួន ១១ក្រុម មានកម្លាំងសរុបចំនួន ២២០នាក់។

ការអនុវត្តការងារចុះបញ្ជីបង្ហើយក្បាលដីបានអនុវត្តចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ សម្រេចបានការវាស់វែងក្បាលដីចំនួន ១៨៧ ៧១៤ក្បាលដី។ បើតាមការរបាយការណ៍ដដែល។

របាយការណ៍ ប្រធានមន្ទីរ បានឱ្យដឹងទៀតថា ក្បាលដីដែលត្រូវវាស់វែងបង្ហើយមានចំនួន ៧៩ ៣៣៧ក្បាលដីទៀត គ្រោងនឹងបញ្ចប់ការវាស់វែងនៅត្រឹមខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)