
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ផ្ដល់ជំនួយឥតសំណងប្រមាណជិត ១១លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC លើគម្រោងចំនួន២ ទិញសម្ភារបច្ចេកទេស និងសាងសង់អាគារហ្វឹកហ្វឺននិងអាគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ និងលោក UENO Astushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធសម្រាប់គម្រោងហិរញ្ញប្បទានឥតសំណងផ្តល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រអង្គភាព CMAC លើគម្រោងចំនួន២ មានហិរញ្ញប្បទានឥតសំណងសរុបចំនួន ១.៤៦៦លានយ៉េន។
គម្រោងទាំង២ នេះរួមមាន៖ គម្រោងទី១ ជាគម្រោងពង្រឹងសមត្ថភាពអង្គភាព CMAC លើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។
គម្រោងនេះ មានថវិកាសរុបចំនួន ១.១៦៦លានយ៉េន (ប្រមាណ ៨,៤លានដុល្លារ) កញ្ចប់ថវិកានេះនឹងត្រូវប្រើប្រាស់ដើម្បីទិញសម្ភារបច្ចេកទេសរួមមាន គ្រឿងចក្រកម្ទេចមីន ម៉ាស៊ីនរាវមីន និងរថយន្តជាដើម ដើម្បីលើកកម្ពស់សម្ភារបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការផង និងសម្រាប់បម្រើកិច្ចការហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីនទាំងក្នុងតំបន់និងអន្តរជាតិ។
គម្រោងទី២៖ ការបំពេញបន្ថែមហិរញ្ញប្បទានឥតសំណងចំនួន ៣០០លានយ៉េន (ប្រមាណ ២លានដុល្លារ) សម្រាប់គាំទ្រគម្រោងសាងសង់អាគារហ្វឹកហ្វឺននិងអាគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម(សារមន្ទីរតេជោសន្ដិភាព) នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហិរញ្ញប្បទានឥតសំណងក្នុងគម្រោងនេះ សរុបកើនដល់ចំនួន ២.៧៥១លានយ៉េន (ប្រមាណ ២០លានដុល្លារ)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)