
ភ្នំពេញ៖ អ្នកជាប់ពន្ធនៅសល់រយៈពេលប្រមាណ ៣ខែទៀត ដើម្បីទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាល ចំពោះការស្នើសុំកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត។
យោងតាមប្រកាសលេខ ៦២៥ សហវ.ប្រក ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសនៅមានពេលរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីមានឱកាសទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាល រួមមាន ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ទាំងស្រុង ក្នុងការស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញ ដោយស្ម័គ្រចិត្ត ផ្អែកលើមូលដ្ឋាននៃការភាន់ច្រឡំ ឬការភ្លាំងភ្លាត់។
គួរបញ្ជាក់ថា ការលើកលែងទណ្ឌកម្មរដ្ឋបាលនេះអនុវត្តចំពោះតែ៖
១-ការស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញលើប្រតិបត្តិការដែលកើតឡើងមុនការិយបរិច្ឆេទខែសីហា ឆ្នាំ២០២៤ តែប៉ុណ្ណោះ។ ដោយឡែកការស្នើសុំកែតម្រូវលិខិតប្រកាសពន្ធលើប្រតិបត្តិការដែលកើតឡើងចាប់ពីខែសីហា ឆ្នាំ២០២៤ តទៅ មិនទទួល បានការលើកលែងទណ្ឌកម្មរដ្ឋបាលនេះឡើយ។
២-ការស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញក្នុងអំឡុងពេលរងសវនកម្មពន្ធដារ ដែលការកែតម្រូវនោះបានធ្វើឡើង មុនពេលសវនករពន្ធដាររកឃើញកំហុសរបស់អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកតែប៉ុណ្ណោះ មានន័យថាអ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកអាច ស្នើសុំកែតម្រូវ ករណីដែលសវនករមិនទាន់បានបង្ហាញ និងគ្មានកំណត់ហេតុបញ្ជាក់ពីលទ្ធផលសវនកម្ម។
គូសបញ្ជាក់ផងដែរថា ប្រសិនបើការកែតម្រូវលិខិតប្រកាសពន្ធលើលទ្ធផលសវនកម្ម ដែលសវនករបានរកឃើញក្នុងអំឡុងពេលរងសវនកម្មពន្ធដារ អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុក ត្រូវទទួលរងពន្ធបន្ថែម ១០% និងការប្រាក់យឺតយ៉ាវ ១,៥% ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។
ករណីនេះ អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុក នឹងត្រូវទទួលរងពន្ធបន្ថែមនិងការប្រាក់យឺតយ៉ាវ តាមនីតិវិធីនិងលទ្ធផលនៃការធ្វើ សវនកម្មពន្ធដារ ដោយពន្ធបន្ថែមនិងការប្រាក់យឺតយ៉ាវដែលបានបង់រួចតាមរយៈការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្តត្រូវអនុញ្ញាតឱ្យកាត់កងជាមួយនឹងពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវដែលជាលទ្ធផលនៃការធ្វើសវនកម្ម៕
ដោយ៖ មឿន ឌីណា (Moeun Dyna )