Register Already an agent ? Login

ចំណុចសំខាន់ៗមួយចំនួន ដែលអ្នកជាប់ពន្ធត្រូវដឹងដើម្បីគណនា និងបង់ប្រាក់ពន្ធលើផ្ទាំងផ្សព្វផ្សាយ

ភ្នំពេញ៖ ពន្ធលើផ្ទាំងផ្សព្វផ្សាយ ជាប្រភេទពន្ធប្រចាំឆ្នាំអនុវត្តចំពោះការផ្សព្វផ្សាយតាមគ្រប់រូបភាពទាំងចល័តនិងអចល័តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអ្នកជាប់ពន្ធត្រូវគណនានិងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ជារៀងរាល់ឆ្នាំ។

ក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ដែលបានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ” វាគ្មិន លោក ម៉ៅ ប៊ុនធីម ប្រធានការិយាល័យនៃទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងលោក ខែន គីម អនុប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ។

បើតាមវាគ្មិន បានលើកឡើងថា ដើម្បីអាចគណនាប្រាក់ពន្ធនេះបានត្រឹមត្រូវអ្នកជាប់ពន្ធត្រូវតែយល់ដឹងពីចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

-ប្រភេទនៃបណ្ណប្រកាស ជាប្រកាសបណ្ណផ្សាយពាណិជ្ជកម្ម ឬស្លាកអាជីវកម្មដ្ឋាន ឬផ្ទាំងអក្សរឬផ្ទាំងរូបភាព សម្រាប់គោលបំណងពាណិជ្ជកម្ម

-ទំហំនៃបណ្ណប្រកាស (ក្រឡាផ្ទៃគិតជាដេស៊ីម៉ែត្រក្រឡា)

-ចូរអក្សរបរទេស និងទំហំ (គិតតាមចំនួនតួអក្សរ និងកម្ពស់តួអក្សរគិតជាដេស៊ីម៉ែត្រ)

-អចល័ត (នៅមួយកន្លែង) ឬចលិត(តាមមធ្យោបាយដឹកជញ្ជូននានា)

-មានពន្លឺ ឬគ្មានពន្លឺ

-ទីតាំងនៃការលើកស្លាក កែង ឬស្រប ជាដើម។

វាគ្មិន ក៏បានរម្លឹកដល់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស សូមរួសរាន់ប្រកាសនិងបង់ប្រាក់ពន្ធប៉ាតង់និងពន្ធលើផ្ទាំងផ្សព្វផ្សាយឱ្យបានទាន់ពេលវេលា យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុននេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)