
ភ្នំពេញ៖ គណៈប្រតិភូធុរជនជប៉ុនប្រមាណ ៤០ក្រុមហ៊ុន កំពុងបំពេញទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា តាមរយៈការិយាល័យតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ខណៈ មានការណែនាំវិនិយោគលើ រោងចក្រឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កសិកម្ម និងកសិ-ឧស្សាហកម្ម ថាមពលបៃតង វិស័យអប់រំបណ្តុះបណ្តាល ជាដើម។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបពិភាក្សាការងារ គណៈប្រតិភូធុរជនជប៉ុនប្រមាណ ៤០ក្រុមហ៊ុន ដឹកនាំដោយ លោក Wakabayashi Kohei ប្រធាន JETRO ប្រចាំនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៤ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងជំនួបនេះ លោក ស៊ុន ចាន់ថុល បានជម្រាបទៅកាន់គណៈប្រតិភូធុរជនជប៉ុន អំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ ការបង្កើនពិពិធកម្មសេដ្ឋកិច្ចដើម្បីសម្រេចឱ្យបានចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៥០ និងបានលើកឡើងអំពីបេសកកម្មនិងចក្ខុវិស័យរបស់ ក.អ.ក. ក្នុងនាមជាសេនាធិការនិងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើការងារគ្រប់គ្រងការវិនិយោគឯកជននិងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងការវិនិយោគ។

ពិសេស ការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងគឺការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។ ជាការបន្ត លោក ស៊ុន ចាន់ថុល។

អនុប្រធានទី១ ក.អ.ក. បានគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

លោក លើកឡើងបន្តថា ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងនៅក្នុងតំបន់កាន់តែមានភាពប្រសើរឡើង ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ ដែលរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត។

ភ្ជាប់ជាមួយនឹងការលើកឡើងពី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឧបនាយករដ្ឋមន្ត្រី បានរំលេចជាពិសេសអំពី គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលរំពឹងថានឹងផ្លាស់ប្តូរមុខមាត់កម្ពុជាក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្រ។ ជាមួយគ្នានេះ លោក បានចង្អុលបង្ហាញអំពីមុខសញ្ញាវិនិយោគដែលសមស្របជាមួយនឹងគម្រោងមួយនេះ រួមមាន៖ ផលិតកម្មនាវា កំពង់ផែរណប ឃ្លាំងស្តុកទំនិញ និងមជ្ឈមណ្ឌលភស្តុភារកម្ម ជាដើម។

បន្ថែមពីនេះ អនុប្រធានទី១ ក.អ.ក. ក៏បានជម្រាបអំពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគណៈប្រតិភូធុរជនគួរតែសិក្សាស្វែងយល់ពិចារណា និងពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគ រួមមាន៖ រោងចក្រឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កសិកម្ម និងកសិ-ឧស្សាហកម្ម ថាមពលបៃតង វិស័យអប់រំបណ្តុះបណ្តាល ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស សហគ្រាស/អាជីវកម្មខ្នាតតូច និងមធ្យម(SMEs) និងសេវាកម្មផ្សេងៗ។

គណៈប្រតិភូធុរជនបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក.អ.ក.ផ្ទាល់ ក្នុងការសម្របសម្រួលថែទាំគាំទ្រដល់វិនិយោគិនដែលបានដាក់ទុនវិនិយោគ និងកំពុងធ្វើប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ទាំងអស់នេះជាមូលដ្ឋានធ្វើឱ្យអ្នកដែលមានបំណងដាក់ទុនវិនិយោគនាពេលអនាគត កាន់តែមានទំនុកចិត្តក្នុងការសម្រេចចិត្តផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)