Register Already an agent ? Login

ក្រុមហ៊ុនអាកាសចរណ៍ធំពីរ នឹងបើកហោះត្រង់មកភ្នំពេញចុងឆ្នាំ និងពង្រីកហោះទៅខេត្តសៀមរាប ពាក់កណ្តាលឆ្នាំនេះ

ភ្នំពេញ៖ ក្រោមកិច្ចសហការ និងការជំរុញបើកចំហជើងមេឃកម្ពុជា ក្នុងការទទួលយកភ្ញៀវជាតិ-អន្តរជាតិ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែសកម្ម និងប្រទាក់ក្រឡាជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបន្តពង្រីកនិងលើកកម្ពស់បន្ថែមជើងហោះហើរត្រង់មកកម្ពុជា។

វឌ្ឍនភាពនៃជើងយន្តហោះអន្តរជាតិ បានរីកចម្រើនគួរជាទីមោទន ក្រសួងទេសចរណ៍កម្ពុជាបានឱ្យដឹងថា កាសចរណ៍ Emirates Airlines ក៏បានជំរុញនិងពង្រីកការហោះពីទីក្រុងឌូបៃ មកកាន់ខេត្តសៀមរាប នឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៥ខាងមុខ ដោយប្រើយន្តហោះខ្នាតធំ boeing 777 300er។

ទន្ទឹមគ្នានេះដែរ តាមទំព័រហ្វេសប៊ុកផ្លូវការ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ជើងហោះហើរ តួកីអ៊ែរឡាញ នឹងបើកការហោះហើរពីទីក្រុងអ៊ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញ នៅចុងឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ទួរគីបានឱ្យដឹងថា ការបើកជើងហោះហើរត្រង់នេះ មានគោលបំណង ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងទួរគីនិងកម្ពុជាឱ្យកាន់តែប្រសើរឡើង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ គោលដៅហោះហើរថ្មីនេះ។ បើតាមក្រសួងព័ត៌មានកម្ពុជា។

តាមរយៈការបើកជើងហោះហើរ មកកាន់ភ្នំពេញ ក្រុមហ៊ុនអាកាសចរណ៍ទួរគី នឹងពង្រីកបណ្តាញហោះហើរសកលរបស់ខ្លួននៅក្នុងប្លុកខាងកើតទៅកាន់ទីក្រុងចំនួន២០ និងព្រលានយន្តហោះអន្តរជាតិចំនួន ២១កន្លែង។

ជាមួយនឹងគោលដៅហោះហើរបន្ថែមថ្មីនេះ ព្រះរាជាណាចក្រកម្ពុជានឹងក្លាយប្រទេសទី៧ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសដោយក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋទួរគី ខណៈ រាជធានីភ្នំពេញនឹងក្លាយជាគោលដៅហោះហើរទី១១ នៅក្នុងតំបន់។

គួររម្លឹកផងដែរថា ក្នុងឆ្នាំ២០២៤កន្លងមក ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានសម្រេចដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសបានសរុបចំនួន ៦,២៤លាននាក់ កំណើនប្រមាណ ២២% ទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ជើង កំណើន ១៤% និងដឹកទំនិញតាមផ្លូវអាកាសមានចំនួន ៧៧ ៨៥២តោន ដែលមានកំណើន ៤០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

អាកាសយានដ្ឋានអន្តរជាតិទាំងបី រួមមាន៖ ភ្នំពេញ សៀមរាប និងព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាល​ពិសេសហុងកុងនិងកោះតែវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ក្នុងតំបន់និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិសរុបចំនួន ៣១ក្រុមហ៊ុន។

ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បើប្រៀបធៀបរវាងឆ្នាំ២០២៤ និងឆ្នាំ២០១៩ (មុនវិបត្តិជំងឺកូវីដ-១៩) កម្ពុជា បានសម្រេចបាន​ ៥៧% នៃការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស (ឆ្នាំ២០១៩ចំនួន ១១,០២៥លាននាក់ និងឆ្នាំ២០២៤ ចំនួន ៦,២៤លាននាក់)។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥​ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា គិតជាមធ្យមមានជើងហោះហើរទ្វេទិស (Flight Movements) ចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍ ក្នុងនោះ ជើងហោះហើរទ្វេទិស (Flight Movements) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ៩៤២ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៣៦ជើង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)