
បាត់ដំបង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ខេត្តបាត់ដំបងជាខេត្តទី១៧ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ ខណៈ មានខ្នងផ្ទះសរុប ២៤៧ ៨៥៨ខ្នង មានគ្រួសារ ២៩៧ ២៥៥គ្រួសារ ក្នុងនោះ ខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនស្មើនឹង ៩៥,៥៩%។
ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តបាត់ដំបងជាខេត្តទី១៧ ODF នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហាញថា នៅទូទាំងខេត្តបាត់ដំបង មានស្រុកចំនួន១៣ និងក្រុង១ ឃុំចំនួន៩៣ និង១០សង្កាត់ និងភូមិចំនួន៨៤២ ដែលមានខ្នងផ្ទះសរុប ២៤៧ ៨៥៨ខ្នង មានគ្រួសារ ២៩៧ ២៥៥គ្រួសារ។

លោក សុខ លូ បានថ្លែងបន្តថា ក្នុងនោះ ខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនស្មើនឹង ៩៥,៥៩% ខ្នងផ្ទះប្រើបង្គន់រួម ស្មើនឹង ៤,៤១% ខ្នងផ្ទះមានកន្លែងលាងដៃនឹងសាប៊ូស្មើនឹង១០០% ខ្នងផ្ទះទុកដាក់ទឹកសម្រាប់ផឹកមានសុវត្ថិ ភាពស្មើនឹង១០០% ខ្នងផ្ទះទុកដាក់សំណល់ខោលាមកកូនក្មេង លាមកសត្វ និងសំរាមមានរបៀបរៀបរយស្មើនឹង ១00%។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពីធីខាងលើ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តបាត់ដំបងសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ។

តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្តនាពេលនេះ។ ជាការថ្លែងបន្ត លោក ឆាយ ឫទ្ធិសែន បានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តការចូលរួមលើការផ្គត់ផ្គង់ទឹកនិងអនាម័យជនបទ ជាពិសេស គឺការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus។

លោក រដ្ឋមន្រ្ដី បានជម្រាបជូនអង្គពិធីនូវយុទ្ធសាស្ដ្រទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានចក្ខុវិស័យច្បាស់លាស់គឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។

ពាក់ព័ន្ធនឹងកម្មវិធីទឹកស្អាត និងអនាម័យ លោក រដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០%។

លោក បានបន្តថា ក្នុងនោះ អត្រាគ្របដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋាន ៨៦,០៩% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩១,៤៧% ដោយបានកំណត់នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ មានរាជធានី ខេត្តចំនួន ១៧ហើយ ដែលសម្រេចបានជារាជធានី-ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និង ODF) ដែលខេត្តបាត់ដំបង ជាខេត្តទទួលបានជ័យលេភីទី ១៧៕
ដោយ៖ មឿន ឌីណា (Moeun Dyna)