
កំពង់ធំ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦.០៥៧បណ្ណ ជូនប្រជាពលរដ្ឋ ៤ភូមិ ស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ។
គិតមកដល់ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធសម្រេចវាស់វែងរួចចំនួន ៤២១.៩៦២ក្បាលដី និងចេញបណ្ណបានចំនួន ៣១១.៥១៣បណ្ណ។ ពើតាម របាយការណ៍អំពីស្ថានភាពទូទៅខេត្តកំពង់ធំ លោក នួន ផារ័ត្ន អភិបាលខេត្ត បានឡើងថ្លែង ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។

លោក នួន ផារ័ត្ន បានថ្លែងបន្តថា លទ្ធផលដែលសម្រេចបាននេះ ជាការរួមចំណែក ការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែលធ្វើឱ្យទំនាស់ដីធ្លីមានការថយចុះ។ លើសពីនេះ លទ្ធផលនៃការចុះបញ្ជីដីបានពង្រឹងនូវទីផ្សារដីធ្លី ពិសេស ការចូលរួមចំណែកបង្កើនចំណូលថវិការដ្ឋតាមរយៈពន្ធប្រថាប់ត្រា និងការប្រមូលពន្ធប្រចាំឆ្នាំលើអចលនទ្រព្យផងដែរ។

ថ្ងៃនេះ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦.០៥៧បណ្ណ ស្មើនឹង ២.៦៩២គ្រួសារ ចែកជូនប្រជាពលរដ្ឋ ៤ភូមិ រួមមាន ភូមិល្វា ភូមិត្រពាំងអារក្ស ភូមិមហរ៍ និងភូមិព្រៃទប់ ស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក វង្សី វិស្សុត បានសំដែងការអបអរសាទរ និងកោតសរសើរចំពោះអាជ្ញាធរខេត្តកំពង់ធំ និងមន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត និងក្រុមការងារចុះបញ្ជីដីធ្លី ដែលបានសម្រេចលទ្ធផលជាបន្តបន្ទាប់ក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី អ្នកកាន់កាប់ដី និងស្ថាប័នរដ្ឋ ដែលបានអនុវត្តតាមនីតិវិធីច្បាប់ ដែលជាសមិទ្ធផលមួយបានរួមចំណែកយ៉ាងធំធេងដល់ការអនុវត្ត និងការអភិវឌ្ឍគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល។

នាឱកាសនោះ លោក វង្សី វិស្សុត បានសំណូមពរដល់អាជ្ញាធរដែនដីត្រូវចូលរួមជំរុញការចុះបញ្ជីដីធ្លីឱ្យបានឆាប់ និងគ្រប់ភូមិ/ឃុំ តាមរយៈការជូនដំណឹងដល់បងប្អូនជាម្ចាស់ដី សហការចុះកំណត់ព្រំដីផ្លូវ ត្រពាំង ប្រឡាយទឹក ឱ្យបានច្បាស់លាស់ និងជួយសម្របសម្រួលដោះស្រាយវិវាទព្រំ ឬការដណ្តើមសិទ្ធលើក្បាលដី ការសម្រួលឯកសាររណប មានដូចជាអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ លិខិតអំណោយ ការបញ្ជាក់ភាពនៅលីវ លែងលះជាដើម ជូនដល់ប្រជាពលរដ្ឋ។

ព្រោះការចុះបញ្ជីដីធ្លីនាំឱ្យមានការកំណត់ច្បាស់លាស់រវាងដីរដ្ឋនិងដីឯកជន ការកំណត់ព្រំ និងសិទ្ធលើក្បាលដី ការរៀបចំដែនដី បរិយាកាសគ្មានវិវាទ ដើម្បីចូលរួមចំណែកកាត់បន្ថយទំនាស់ និងកាត់បន្ថយភាពក្រីក្រ ព្រោះបើដីមានប្លង់កម្មសិទ្ធិគឺមានការពារដោយច្បាប់ធានាដោយរដ្ឋ ហើយប្រជាពលរដ្ឋអាចយកប្លង់ទៅប្រើប្រាស់ទាញយកប្រយោជន៍ដើម្បីលើកស្ទួយជីវភាពគ្រួសាររបស់គាត់ និងបន្តខិតខំធ្វើយ៉ាងណាវាស់វែង ឱ្យបានចប់សព្វគ្រប់ទូទាំងខេត្តតាមផែនការរបស់ក្រសួង ក្នុងបំណាច់ឆ្នាំ២០២៥ ខាងមុខនេះ។ តាមការគូសបញ្ជាក់ ឧបនាយករដ្ឋមន្រ្តីប្រចាំការ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)