Register Already an agent ? Login

ប្រជាពលរដ្ឋចំនួន ៣ភូមិ ក្រុងកំពង់សោម បានទទួលបណ្ណកម្មសិទ្ធិជិត ៣ពាន់ក្បាលដី ពីអភិបាលខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាល អភិបាលខេត្តព្រះសីហនុ បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣ភូមិ ក្នុងក្រុងកំពង់សោម មានចំនួន ២,៩១១ក្បាលដី។

ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងឱ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣ភូមិ មានចំនួន ២,៩១១ក្បាលដី ក្នុងនោះ ភូមិគគីរមានចំនួន ១,០៦៦ក្បាលដី ភូមិចំណោតរាមមានចំនួន ៥២២ក្បាលដី និងភូមិពូធឿងមានចំនួន ១,៣២៣ក្បាលដី។

បើតាម របាយការណ៍លោកប្រធានមន្ទីរ បានឱ្យដឹងបន្តថា ក្នុងចំណោមជិត ៣ពាន់ក្បាលដី មាន៣ប្រភេទរួមមាន៖ ១-ក្បាលដីដែលទទួលបានពីរដ្ឋចែកឱ្យ គឺអាចយកមកប្រគល់ជូនប្រជាពលរដ្ឋបាន នាពេលនេះមានចំនួន ៧០២បណ្ណ, ២-ក្បាលដីដែលទទួលបានអំណោយពីជីដូនជីតា ឬឪពុក ម្តាយចែកឱ្យតម្រូវឱ្យបញ្ជូនទៅសាខាពន្ធដារខេត្តប្រថាប់ត្រាស្នើសូន្យជាមុនសិន ការចែកជូនប្រជាពលរដ្ឋមានចំនួន ៩៥៩បណ្ណ, ៣-ក្បាលដីទិញ-លក់ បន្តដៃគ្នាតម្រូវឱ្យម្ចាស់ដីមកយកឯកសារនៅមន្ទីរ ដ.ន.ស.ស.ខេត្ត ដើម្បីបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្តជាមុនសិនមានចំនួន ១,២៥០បណ្ណ។

លោក ម៉ាង ស៊ីណេត អញ្ជើញជាអធិបតីពីធីខាងលើ បានថ្លែងអបអរសាទរពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នៅសង្កាត់បិតត្រាំង​។ លោក ថា រដ្ឋបាលខេត្តចង់ឃើញពុកម៉ែបងប្អូនមានសេចក្តីសុខទទួលបានបណ្ណកម្មសិទ្ធស្របច្បាប់ពេល ទាំង៣ប្រភេទ ដែលលោកប្រធានមន្ទីរបានលើកឡើងក្នុងរបាយការណ៍ខាងលើ។

អភិបាលខេត្ត បានបន្តថា ការទទួលបានបណ្ណនាពេលនេះ ត្រូវថែរក្សាទុកដាក់ឪ្យបានល្អ ព្រោះបណ្ណនេះទៀតសោតមិនត្រូវយកទៅលក់ដូរនោះទេ ក៏ប៉ុន្តែការដោះដូរយកទៅប្រកបមុខរបបពង្រីកអាជីវកម្មផ្សេងៗ ដើម្បីបង្កើនជីវភាពគ្រួសារកាន់តែល្អប្រសើរ ត្រូវគិតគូពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ក្នុងការបង្កើតអាជីវកម្មប្រកបដោយភាពរីករាយក្នុងក្រុមគ្រួសារ។

ការទទួលបានបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជួយកាត់បន្ថយនូវទំនាស់ដីធ្លីនៅតាមគំរូប្លង់ដែលមន្ត្រីសុរិយោដីបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិទាំង៣ ក្នុងសង្កាត់បិតត្រាំងរបស់យើង ជាទីមោទកទាំងអស់នេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញនូវកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម។ ជាការគូសបញ្ជាក់ លោក ម៉ាង ស៊ីណេត។

លោក បានបន្តទៀតថា ជាពិសេសស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព ជីវភាព សុខភាព និងសុភមង្គលនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

នាឱកាសនោះ អភិបាលខេត្ត បានផ្តាំផ្ញើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្រ្តីសុរិយោដី និងអ្នកពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការចូលរួមគាំទ្រឱ្យបានកាន់តែសកម្មថែមទៀតនៅក្នុងដំណើរការចុះបញ្ជីដីធ្លី និងជំរុញដំណើរការចែកបណ្ណជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ព្រមទាំងសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីឱ្យបានលឿន និងមានប្រសិទ្ធភាព៕

ដោយ៖ មឿន ឌីណា (Moeun Dyna)