
កំពង់ធំ៖ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប គ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលដែលរួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងសម្រាប់បម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ សម្រេចបានជាង ១៥%។
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចុះពិនិត្យវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

តាមការចុះពិនិត្យនេះបានឱ្យដឹងថា គម្រោងនេះចាប់ផ្តើមអនុវត្តកាលពីខែឧសភា ឆ្នាំ២០២៤ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណជាង ១៥% និងកំពុងបន្តអនុវត្តយ៉ាងសកម្ម ដោយគ្រោងបញ្ចប់នៅក្នុងខែមេសា ឆ្នាំ២០២៦ខាងមុខ។

ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១-សំណង់ស្ទាក់ទឹកកំពង់គោ ដែលមានបំពាក់ស្ពានឆ្លងប្រវែង ២៦០ម៉ែត្រ ទទឹង៦ម៉ែត្រ ដើម្បីចរាចរឆ្លងពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត និងបំពាក់ទ្វារទឹកសរុបចំនួន២៥ ដែលទ្វារទឹកនីមួយៗមានទំហំទទឹង១០ម៉ែត្រ និងកម្ពស់១០ម៉ែត្រ ទី២-សំណង់ជើងទេរច្រាំងស្ទឹង ទី៣-ផ្លូវក្រាលបេតុងអារមេ ២ខ្សែ ប្រវែងសរុប ១៥០០ម៉ែត្រ ទី៤-សំណង់ជណ្តើរត្រីចំនួនមួយខ្សែ ប្រវែង ២០០ម៉ែត្រ ទី៥-សំណង់អគារការិយាល័យ និងប្រតិបត្តិការដែលមានទទឹង ៦ម៉ែត្របណ្តោយ ១២ម៉ែត្រ កម្ពស់ ១ជាន់។

ក្នុងឱកាសនោះ លោក រដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមការងារសាងសង់ឱ្យបន្តយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់លើគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប គ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលដែលរួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងសម្រាប់បម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕


ដោយ៖ មឿន ឌីណា (Moeun Dyna)