Register Already an agent ? Login

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចបាន៨៨,៤៥% គ្រោងបញ្ចប់ជាស្ថាពរចុងខែមេសា ឆ្នាំ២០២៥

កោះកុង៖ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ បំបែកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៨៨,៤៥%ហើយ ងបញ្ចប់ការងារសាងសង់ជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ បើតាម លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យ។

តាមការចុះពិនិត្យនេះ អមដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ បានចុះពិនិត្យទីតាំងសាងសង់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ប្រព័ន្ធលូរំដោះទឹកភ្លៀងបង្ការទឹកជំនន់លិចផ្លូវ ការងារការពារជម្រាលផ្លូវ ការងារសាងសង់ផ្លូវ និងសួនបែងចែកទ្រូងផ្លូវនៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ និងទីតាំងគ្រោងសាងសង់ស្ពានកោះកុងថ្មី (គម្រោងជំហាន២)ផងដែរ។

ការចុះត្រួតពិនិត្យនេះ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យរួមគ្នាលើកទី៦ ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រចាំទីក្រុងភ្នំពេញ នៃធនាគារនីហរ័ណ-អាហរ័ណកូរ៉េ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានានៃការអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោក សូរ វ៉ិចទ័រ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ពន្លឿនការងាររបស់ខ្លួនឱ្យបានចប់សព្វគ្រប់នៅចុងខែមេសាឆ្នាំ២០២៥ ខាងមុខតាមកិច្ចសន្យា មុនរដូវភ្លៀងចូលមកដល់។

គួរបញ្ជាក់ថា គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ បានសម្រេចវឌ្ឍនភាពការងាររបស់ខ្លួនប្រមាណ ៨៨,៤៥% ដោយគ្រោងបញ្ចប់ការងារសាងសង់របស់ខ្លួនជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

គម្រោងផ្លូវនេះ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេស ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture គ្រោងចំណាយថវិកាសរុបប្រមាណ ៦៥,១៤លានដុល្លារ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដោយមិនរាប់បញ្ចូលថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។

ខ្សែផ្លូវនេះ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕

ដោយ៖ មឿន ឌីណា (Moeun Dyna)