
បន្ទាយមានជ័យ៖ កម្ពុជាបន្តនៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ១.៥៧៧គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋជាង ១លាននាក់ កំពុងបន្តរស់នៅលើតំបន់សង្ស័យទាំងនោះ។ បើតាមការបញ្ជាក់ លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន។
តាមការបញ្ជាក់ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន២៤ កុម្ភៈ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីសហគមន៍មានសុវត្ថិភាព» នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក លី ធុជ បានលើកឡើងអំពីសារសំខាន់នៃការរៀបចំឱ្យមានទិវាជាតិយល់ដឹងអំពីមីន២៤ កុម្ភៈ ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩៩ ដើម្បីបន្តលើកកម្ពស់ការអប់រំពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្ហាញពីការតាំងចិត្តរួមគ្នាក្នុងលុបបំបាត់ចោលឱ្យអស់នូវសោកនាដកម្មដ៏សែនឈឺចាប់ ដោយសារគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមពីទឹកដីកម្ពុជា និងពិភពលោកទាំងមូល។
សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ និងជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះទាំងនេះនៅតាមសហគមន៍ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងលើការងារបោសសម្អាតមីន និងគ្រាប់។ ជាការគូសបញ្ជាក់ លោក លី ធុជ។
ទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា កម្ពុជាអស់ជាង ៣ទសវត្សរ៍ រយៈពេល៣២ឆ្នាំនេះ បានរំដោះផ្ទៃដីពីការគំរាមដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ៣.២៩៧គីឡូម៉ែត្រការ៉េ បានរកឃើញនិងបំផ្លាញចោលមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះបានរាប់លានគ្រាប់។ លោក បានគូសបញ្ជាក់ទៀតថា សមិទ្ធផលទាំងនេះ គឺបានកើតចេញពីគុណតម្លៃនៃសន្តិភាពបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តី តាមរយៈ នយោបាយ ឈ្នះ ឈ្នះ ដែលធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ។
នាឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយ និងប្រទេសជាមិត្តដ៏ឆ្នើមរបស់កម្ពុជា ក៏ដូចជាប្រតិបត្តិករសកម្មភាពមីនជាតិ-អន្តរជាតិ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារ និងថវិកា ដល់ការងារសកម្មភាពមីនមនុស្សធម៌ ក្នុងគោលដៅពន្លឿនឱ្យកម្ពុជារួចចាកផុតពីគ្រាប់មីន និងគ្មានទុកប្រជាពលរដ្ឋខ្មែរណាម្នាក់បន្តរងគ្រោះដោយសារគ្រាប់មីន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)